ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង ចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ
━━━━━━━━✥◈✥━━━━━━━━
ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ប្រកបដោយធម៌ទាំង ១០ យ៉ាងនេះ នឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ទើបជាឋានៈ៖
-ជាអ្នកមានសទ្ធា
-ជាអ្នកមានសីល
-ជាអ្នកចេះដឹង អ្នកទ្រទ្រង់ព្រះសូត្រ
-ជាអ្នកប្រដៅងាយ
-ជាអ្នកមានកល្យាណមិត្ត
-ជាអ្នកមានព្យាយាមប្រារព្ធហើយ
-ជាអ្នកមានស្មារតីតាំងមាំ
-ជាអ្នកមានចិត្តសន្តោស
-ជាអ្នកប្រាថ្នាតិច
-ជាសម្មាទិដ្ឋិ ។ (បិដកភាគ ៥០ ទំព័រ ៣៣២-៣៣៣)
តថាគតហៅបុគ្គល ដែលមិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហាគ្រឿងប៉ោងចិត្ត មានឥន្ទ្រិយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មានចិត្តមិនបានជាប់នៅ ក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។ (បិដកភាគ ៥២ ទំព័រ ១០៦)
ធម្មានុធម្មប្បដិបត្តិរត្តិកាល ថ្ងៃពុធ ២ រោច នៃកាឡបក្ស ខែផល្គុន សិក្ខាកាមយោគី គង់-អង្គុយចម្រើនបដិបត្តិសមាធិរួចមក បន្តស្តាប់ធម្មីកថាប្រទានឱវាទដោយៈ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ដើម្បីបានជាទិដ្ឋានុគតិធម្មទាន វត្តប្រណិប័តន៍ចម្រើនសមថ-វិបស្សនាកម្មដ្ឋាន នារាត្រីកាលជំនោដ៏ត្រជាក់ ក្រោមស្បៃអន្ធការ ស្ថិតក្រោមពន្លឺនៃព្រះចន្ទ នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ប្រកបដោយសតិស្មារតីតាំងស៊ប់ក្នុងព្រះកម្មដ្ឋាន ជាទីជ្រះថ្លាដ៏ក្រៃលែង ។ ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖