ពិធីបិទវគ្គបដិបត្ដិធុតង្គវត្ត រយៈពេល ១០ ថ្ងៃ (លើកទី២៣)
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━━━✥◈✥━━━━━━━━
នាវេលាល្ងាចថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នំា២០២៣ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការគ្រប់គ្រងចាត់ចែងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលនៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះអនុប្រធាន និងព្រះមន្ត្រីសង្ឃ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការនិមន្តមកដល់របស់ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណសង្ឃនាយក និងជាព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ និមន្តជាអធិបតីក្នុងពិធីបិទវគ្គការបដិបត្ដិសមាទានធុតង្គវត្ត ដែលមានរយៈពេល ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃអង្គារ៍ ៩ កើត ដល់ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមអមព្រះដំណើរគណៈអធិបតីរួមមាន៖
– ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជាព្រះអនុប្រធានអចិន្ត្រៃយ៍
លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
– ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការរងទទួលបន្ទុកពុទ្ធិកសាលកវិទ្យាល័យព្រះសីហនុរាជ
– ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលនៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះអនុប្រធាន និងព្រះមន្ត្រីសង្ឃ
– ព្រះរាជាគណៈ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
– អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម និងសហការី
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ ឧបាសក អ៉ឹង ម៉េងឡាយ ព្រមទាំងបុត្រ
– មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាច្រើនរូប ក៏បានអញ្ជើញចូលរួមផងដែរ ។
នៅក្នុងពិធីបិទវគ្គការបដិបត្តិធុតង្គវត្តនេះផងដែរ៖
– អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ ព្រមទាំងបុត្រ
បានប្រគេនទេយ្យវត្ថុ និងបវារណាទុកដាក់បច្ច័យបួនថ្វាយសម្តេចព្រះពុទ្ធជ័យមុនី ព្រះរាជាគណៈនិមន្តអមព្រះដំណើរ និងប្រគេន-ជូនទេយ្យវត្ថុ-បច្ច័យបួនដល់សិក្ខាកាមយោគាវចរបដិបត្តិធុតង្គចំនួន ៩២១ អង្គ/នាក់ ផងដែរ ។
ក្នុងនាមព្រះសាសនមុនី ហ៊ឹម ប៊ុន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងព្រះអំណរគុណ ថ្វាយព្រះពរ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ដែលបាននិមន្តជាព្រះអធិបតីក្នុងពិធីបិទវគ្គ ប្រគេនព្រះពរ ព្រះសាសនមុនី ព្រះមុនីកោសលបណ្ឌិត ព្រះពុទ្ធវង្ស ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ ជូនពរដល់អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សីលវន្ដ សីលវតី ឧបាសក ឧបាសិកា សាមីបដិបត្តិគ្រប់រូប និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកិច្ចបដិបត្តិសមាទានធុតង្គរយៈពេល ១០ ថ្ងៃ សូមទទួលបាននូវឧត្ដមមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អវសានជាតិ សូមបានជាបច្ច័យត្រាស់ដឹងនូវធម៌ រួចចាកទុក្ខទាំងពួង ។ ថ្វាយ ប្រគេន ជូនបុណ្យ និងធម្មមិត្តគ្រប់រូប ! អនុមោទនា !