ធម្មទាន៖ សាសនប្បដិបត្តិ ពេលរាត្រី
━━━━✥◈✥━━━━
បិដកភាគ ៥៤ ទំព័រ ១០៦ ត្រង់ ឧដ្ឋានសូត្រទី១០ (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុយ៉ាងនេះថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុយចំរើនកម្មដ្ឋាន) ប្រយោជន៍អ្វី ដោយការដេកលក់របស់អ្នកទាំងឡាយ ព្រោះថា អ្នកទាំងឡាយ ឈឺជានិច្ច ត្រូវសរ គឺរាគាទិក្កិលេសចាក់ដោតហើយ កំពុងតែលំបាក ម្តេចក៏នៅដេកលក់។ អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សាឲ្យមាំមួន ដើម្បីសេចក្តីស្ងប់ កុំឲ្យមច្ចុរាជបានដឹងនូវអ្នកទាំងឡាយ ថាជាអ្នកប្រមាទ ហើយធ្វើឲ្យវង្វេង លុះក្នុងអំណាចនៃខ្លួនឡើយ។
បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារៈ ដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយ ថាជាព្រាហ្មណ៍។ (បិដកភាគ ៥២ ទំព័រ ១០៦) ។
នារាត្រីកាលថ្ងៃអង្គារ៍ ១ រោច នៃកាឡបក្ស យោគាវចរចំនួន ៨៥០ អង្គ/នាក់ ក្រោយពីគង់-អង្គុយចម្រើនបដិបត្តិសមាធិកម្មដ្ឋានជាច្រើនម៉ោងរួចមក ក៏បានបន្តស្តាប់ធម្មីកថាដែលប្រទានឱវាទដោយៈ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ដើម្បីបានជាទិដ្ឋានុគតិ នៃវត្តប្រណិប័តន៍សមថ-វិបស្សនាកម្មដ្ឋាន នារាត្រីស្ងាត់ដ៏ត្រជាក់ និងមានព្រះវាយោបកមករំភើយៗ ស្ថិតក្រោមពន្លឺនៃដួងព្រះចន្ទដ៏ស្រទន់ នៃខែផល្គុន នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ប្រកបដោយបីតិសោមនស្សភាព និងជាទីជ្រះថ្លាក្រៃលែង ។
ដោយអំណាចនៃការបដិបត្តិចម្រើនធុតង្គវត្ត សូមឲ្យសព្វសត្វបាននូវសេចក្តីសុខ ចូរកុំឲ្យមានពៀរនឹងគ្នា ចូររក្សាខ្លួនជាសុខតរៀងទៅ ។ ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖