ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងការកសង្ឃពុទ្ធមណ្ឌល ព្រមទាំងអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម បាននិមន្ត-អញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនដោយព្រះជរាគាពាធ បន្ទាប់ពីយាងចេញព្យាបាលពីមន្ទីរពេទ្យ ។
ដោយតេជានុភាព នៃគុណព្រះរតនត្រ័យ និងតេជានុភាពនៃព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ និងបុណ្យកុសលទាំងឡាយ ដែលទូលព្រះបង្គំ យើងខ្ញុំព្រះករុណា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សីលវន្ត និងសីលវតី បានបំពេញកន្លងមកមាន៖ ការឲ្យទាន សមាទានសីល ចម្រើនសមាធិ-បញ្ញា សូមលើកព្រះរាជមហាកុសលនេះ ថ្វាយព្រះពរសម្តេចជាអម្ចាស់ឆាប់ជាសះស្បើយពីព្រះជរាពាធនេះផងចុះ ដេីម្បីបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ព្រះសង្ឃ សិស្សគណ និងពុទ្ធបរិស័ទ បានគោរពសក្ការបូជាតទៅ ។