សូមអនុមោទនា កិច្ចវេរភត្តបង្សុកូល និងគោចរបិណ្ឌបាត វេនកាន់បិណ្ឌទី២
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━━━✥◈✥━━━━━━━━
នាព្រឹក,ថ្ងៃអាទិត្យ ២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣
ញាតិញោមពុទ្ធបរិស័ទម្ចាស់ដើមវេនកាន់បិណ្ឌទី ២ មាន៖
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ គាង ឧបាសក ជាម ហួរហុង ព្រមទាំងកូនចៅ
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស ខេង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មួរ វួច ព្រមទាំងកូនចៅ
– រួមជាមួយក្រុមញាតិ ព្រមទាំងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ មានទឹកមុខប្រកបដោយសទ្ធាបីតិសោមនស្សជ្រះថ្លារីករាយបានបំពេញនូវអាមិសទាន និងធម្មទាន ដោយកុសលចេតនាញាណសម្បយុត្ត ក្នុងឱកាសរដូវកាលថ្ងៃកាន់បិណ្ឌ ២ រោចនេះ ត្រូវនឹងថ្ងៃអាទិត្យ ក៏ជាថ្ងៃឈប់សម្រាកពីការងាររដ្ឋ និងឯកជនផងដែរ ។ ទិដ្ឋភាពនៅលើឧបដ្ឋានសាលា និងបូជនីយដ្ឋាននានាពុទ្ធមណ្ឌល ញាតិញោមពុទ្ធបរិស័ទ្យក្មេងចាស់ ប្រុសស្រី មានក្តីរំភើបរីករាយក្នុងដៃម្នាក់ៗបាននាំមកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាត ផ្កាកម្រងមាលា ដើម្បីបូជាថ្វាយចំពោះព្រះរតនត្រ័យ មានព្រះបរមសារីរិកធាតុតម្កល់លើព្រះមហាសុគន្ធកុដិ និងវេរគ្រឿងឧបភោគបរិភោគប្រើប្រាស់ផ្សេងៗប្រគេនដល់ព្រះសង្ឃបង្សុកូល បត្តានុមោទនាភត្តដារឆ្លង និងបត្តិទានគាថាឧទ្ទិសផ្សាយបុណ្យកុសលដល់បុព្វការីជនទាំងឡាយ ដែលបានលះលោកនេះទៅកាន់បរលោកនាយ និងបានអញ្ជើញរាប់បាតប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី នៅសាលានិច្ចភត្ត ក្រោយពីរាប់បាតចប់រួចមក មហាឧបាសក មហាឧបាសិកា ព្រមទាំងកូនចៅ និងក្រុមញាតិសាមីដើមវេន ព្រមទាំងញាតិញោមពុទ្ធបរិស័ទ្យ ក៏បានអញ្ជើញទទួលទានអាហារលើសាលានិច្ចភត្តថ្មីផងដែរ ។
ដោយបុញ្ញាជានុភាព អានិសង្សនៃបុណ្យកាន់វេនបិណ្ឌទី២នេះ ដែលមហាឧបាសក មហាឧបាសិកា ព្រមទាំងកូនចៅ និងក្រុមញាតិ រួមជាមួយញាតិញោមពុទ្ធបរិស័ទ្យជិតឆ្ងាយ បានបំពេញក្នុងឱកាសនេះ និងរៀងរាល់ឆ្នាំកន្លងមក សូមសម្រេចបុណ្យកុសលដល់បុព្វការីជនទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិក្នុងសង្សារវដ្ត និងជូនពរដល់ញាតិញោមពុទ្ធបរិស័ទ្យ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សាធុ សាធុ សាធុ សូមអនុមោទនាបុណ្យ !