នារសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌វេនកាន់បិណ្ឌទី៦ ដែលជាសទ្ធាជ្រះថ្លារបស់៖
មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ស សារិន មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វឿង ជាលី ព្រមទាំងបុត្រ និងក្រុមញាតិមិត្ត បានអញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា លើឧបដ្ឋានសាលា ដើម្បីប្រារព្ធសាសនពិធីមាន៖ នមស្ការព្រះរតនត្រ័យ សមាទានសីល ស្តាប់ព្រះសង្ឃស្វាធ្យាយព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាដោយ៖ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា ។
ក្រោយពីព្រះធម្មថិកសម្តែងព្រះធម៌ទេសនាបានបញ្ចប់ មហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ និងក្រុមញាតិ ក៏បានបវារណាទុកដាក់បច្ច័យប្រគេនព្រះសាសនមុនីនិមន្តប្រើប្រាស់តាមវិនយកិច្ចផងដែរ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជនទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា និងញាតិកា ៧ សន្តានក្នុងសង្សារវដ្ត ដែលបានធ្វើកាលកិរិយាទៅហើយ សូមរីករាយជ្រះថ្លាអនុមោទនានូវធម្មទាន និងបានរួចចាកវដ្តទុក្ខជាភិយ្យោភាព ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !