ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណា?

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥ កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ដូច្នេះ តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណាសម្រាប់ពុទ្ធសាសនិកខ្មែរ?

ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃមួយដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកបាននាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។ ប្រការដែលគួរឲ្យកត់សម្គាល់មួយទៀត គឺអង្គការសហប្រជាជាតិក៏បានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។
វិសាខបូជា គឺជាពិធីបុណ្យមួយ ដែលពុទ្ធសាសនិកចាត់ទុកថា មានសារៈសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥ កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ។
ការដែលមានការប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ក៏ព្រោះតែថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ ចំពោះហេតុដែលនាំឲ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១. ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះបាទសុទ្ធោទន នៃរាជធានីកបិលពស្តុដែនសក្កៈ ទ្រង់គភ៌ ជិតដល់ថ្ងៃនឹងប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមី ធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បីប្រសូតព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស ។
នៅខណៈនោះ ព្រះនាងក៏ប្រសូតព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំច មុនពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថា ព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះបាទសុទ្ធោទនៈ ក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។
២. ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
ក្រោយពីព្រះអង្គចេញសាងព្រះផ្នួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំរកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរស្ទឹងនេរញ្ជរា វេលាព្រឹក ទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។
៣. ថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន
ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូលបរិនិព្វានទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ នគរកុសិនារា។
ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើត និងស្លាប់នៅតិថី និងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គល ដែលគួរដល់ការចងចាំរបស់ពិភពលោក។

ព្រោះហេតុនោះហើយ បានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា: អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។
ម្យ៉ាងទៀត ការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ
១. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។
២. ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទ បានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។
ពិធីវិសាខបូជានេះចាត់ទុកថា ជាបុណ្យដ៏ធំមួយ ដោយមានមហាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃ ដែលជាមហាមង្គលអភិលក្ខិតកាលទាំង ៣ ដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឲ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឲ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។
ទាក់ទងទៅនឹងប្រភពកំណើតនៃបុណ្យវិសាខបូជានេះ ដើមឡើយនៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយ បានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែវិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជា រៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។
សូមជ្រាបថា បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ។
ចំណែកនៅប្រទេសកម្ពុជាយើង ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយបានផ្សាយចូលមកកម្ពុជរដ្ឋ មានឥស្សរភាពជាយូរណាស់មកហើយ រហូតដល់បច្ចុប្បន្ននេះ ។

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយ

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖