ឲ្យទានបានផង ប្រព្រឹត្តធម៌ផង
━━━━━━✥◈✥━━━━━━
… ភាសិតរបស់អ្នកគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា ជនណា ចិញ្ចឹមភរិយាផង កាលបើទ្រព្យមានតិច នៅតែឲ្យទានបានផង ប្រព្រឹត្តធម៌បានផង ប្រព្រឹត្តនូវសេចក្តីខ្វល់ខ្វាយ (ក្នុងការងារ) ផង ពួកជនដែលមានការបូជារាប់ពាន់ ដល់បុគ្គលមួយសែននាក់ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះបាន។
(មច្ឆរិសូត្រ ទី២ បិដកភាគ ២៩ ទំព័រ ៤៩-៥០)
ទាន មានពីរយ៉ាង គឺធម្មទាន និងអាមិសទាន។ ធម្មទាន គឺជាការឲ្យធម៌ជាទាន ហើយអាមិសទាន គឺជាការបរិច្ចាគនូវរបស់ប្រើប្រាស់ផ្សេងៗ ធ្វើជាទាន។
ទាន មានន័យថា ការឲ្យនូវរបស់ដែលគួរឲ្យ ដល់បុគ្គលដែលគួរឲ្យ។ ចុះដូចម្តេច ដែលហៅថា វត្ថុដែលគួរឲ្យ? ហើយដូចម្តេចដែលហៅថា បុគ្គលដែលគួរឲ្យ? វត្ថុដែលគួរឲ្យ សំដៅដល់ វត្ថុទាំងឡាយដែលញ៉ាំងប្រយោជន៍ឲ្យកើតមានដល់បុគ្គលអ្នកទទួល ដូចជា អាហារបរិភោគ គ្រឿងឧបរិភោគ (របស់ប្រើប្រាស់) ទីស្នាក់អាស្រ័យ ថ្នាំសម្រាប់ព្យាបាលជំងឺ ជាដើម ។ បុគ្គលដែលគួរឲ្យ សំដៅដល់ បុគ្គលដែលសក្តិសមនឹងទទួលបាននូវវត្ថុដែលផ្តល់ឲ្យ ដូចជា មាតាបិតា អ្នកមានគុណធម៌ខ្ពង់ខ្ពស់ អ្នកបួស អ្នកមានសីល ចាស់ព្រឹទ្ធាចារ្យ ឬក៏អ្នកក្រខ្សត់ ជនទុគ៌តជាដើម។
ដូច្នេះ ដើម្បីធ្វើទានឲ្យពេញលក្ខណៈ អ្នកត្រូវពិចារណា ថាតើបុគ្គលណាដែលអ្នកគួរផ្តល់ឲ្យ ហើយផ្តល់ឲ្យនូវវត្ថុអ្វីដែលអាចញ៉ាំងប្រយោជន៍ដល់បុគ្គលនោះ ។ ការធ្វើទានត្រូវប្រកបដោយបញ្ញា ទើបបានផលទាំងអ្នកទទួលទាំងអ្នកផ្តល់ឲ្យ ។ សូមអនុមោទនាបុណ្យ !
ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦