ឯកឧត្តម គិម វ៉ាដា លោកជំទាវ សុត សុភាព ព្រមទាំងបុត្រ ប្រគេន-ជូនភត្តបិណ្ឌបាតថ្ងៃត្រង់ដល់សិក្ខាកាមបដិបត្តិធុតង្គ
━━━━━✥◈✥━━━━━
នាវារភត្តថ្ងៃត្រង់ ថ្ងៃគម្រប់ទី០៥ នៃការបើកវគ្គបដិបត្តិធុតង្គ ថ្ងៃអាទិត្យ ១៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នំា២០២៣នេះ៖
ឯកឧត្តម គិម វ៉ាដា លោកជំទាវ សុត សុភាព ព្រមទាំងបុត្រ និងសហការីក្រុមញាតិ បានទទួលកាន់វេនប្រគេន-ជូន ទេយ្យទាន ភេសជ្ជៈ និងចង្ហាន់បិណ្ឌបាតដ៏ថ្លៃថ្លាដល់សិក្ខាកាមយោគីបដិបត្តិធុតង្គ ចំនួន ៨៥០ អង្គ/នាក់ ។ នៅក្នុងបិដកភាគ ៤០ ទំព័រ ១៤០ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទកិ្ខណេយ្យបុគ្គលក្នុងលោក មានប៉ុន្មានពួក មួយទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលដូចម្តេច ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួក គឺសេក្ខបុគ្គល ១ អសេក្ខបុគ្គល ១។ ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួកនេះ មួយវិញទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលពួកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះ លុះសុគតជាសាស្តា ទ្រង់មានព្រះតម្រាស់ ដូច្នេះហើយ ក៏ទ្រង់ពោលដូច្នេះ តទៅទៀតថា៖
សេក្ខបុគ្គលកី្ត អសេក្ខបុគ្គលកី្ត ជាបុគ្គលគួរទទួលទាន របស់អ្នកឲ្យទានក្នុងលោកនេះ បុគ្គលទាំងនោះ ជាអ្នកប្រតិបត្តិត្រង់ ដោយកាយ វាចា ឬចិត្ត ជាស្រែបុណ្យដ៏ប្រសើរ របស់អ្នកឲ្យទាន ឯទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលពួកនេះ ជាទានមានផលច្រើន ។
ដោយតេជៈនៃការបូជាប្រគេន-ជូនភត្តបិណ្ឌបាត និងភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនមាន៖ មាតាបិតា ព្រមទាំងញាតិក្នុងសង្សារវដ្ត បានរួចចាកវដ្តទុក្ខ និងឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រ និងសហការីក្រុមញាតិ រួមជាមួយពុទ្ធបរិស័ទ ដែលចូលរួមឧបត្ថម្ភ នាថ្ងៃគម្រប់ទី០៥ វគ្គបដិបត្តិធុតង្គនេះ សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖