ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅផង ឲ្យស្ងប់រម្ងាប់ទៅផង ដោយទំនងដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចកំទេចធូលីដែលខ្យល់បក់កួចឡើងក្នុងខែដែលជាចុងគិម្ហន្តរដូវ គឺខែអាសាឡ្ហ មហាអកាលមេឃ (ភ្លៀងធំបង្អុរចុះខុសកាលវេលា) តែងញុំាងកំទេចធូលីនោះឲ្យអន្តរធាន ឲ្យស្ងប់ទៅបាន ដោយទំនងដ៏សមគួរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានអប់រំ ធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅ ឲ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ ក៏មានឧបមេយ្យដូច្នោះឯង ។
វិន័យបិដកភាគ ០១ ទំព័រ ២២៨-២២៩)
ពុទ្ធមណ្ឌល,ថ្ងៃសៅរ៍ ៦ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២


















