អានាបានស្សតិសមាធិ (ត)
——————————-
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិដែលបុគ្គលចំរើនហើយ តើដូចម្តេច ដែលបុគ្គលធ្វើឲ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឲ្យសាបសូន្យទៅ ឲ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ទីជិតនៃដើមឈើក្តី ទៅកាន់ផ្ទះដ៏ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ដំកល់សតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះមានសតិ ដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង សឹមដកដង្ហើមចូល សិក្សាថា អញរម្ងាប់កាយសង្ខារ (គឺខ្យល់អស្សាសបស្សាស) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរម្ងាប់កាយសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ (គឺសេចក្តីឆ្អែតកាយឆ្អែតចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ (គឺសុខកាយ សុខចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងរម្ងាប់ចិត្តសង្ខារ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរំងាប់ចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចូល សិក្សាថា អញនឹងធ្វើចិត្តឲ្យរីករាយ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងធ្វើចិត្តឲ្យរីករាយ សឹមដកដង្ហើមចូល សិក្សាថា អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចូល សិក្សាថា អញនឹងដោះចិត្តឲ្យផុតស្រឡះ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងដោះចិត្តឲ្យផុតស្រឡះ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពឥតរាគៈ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពឥតរាគៈ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណារឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណារឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយយ៉ាងនេះ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមកដែលកើតឡើងៗ ឲ្យសាបសូន្យទៅ ឲ្យស្ងប់ទៅ ដោយទំនងដ៏សមគួរ។ (វិន័យបិដកភាគ ១ ទំព័រ ២២៩-២៣២) ។
———————————————
ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២