អនុមោទនា មាឃបូជា ១៥ កើត
━━━━━━━✥◈✥━━━━━━━
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តែងឲ្យទានជាសប្បុរស តើដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ ឲ្យទានដោយគោរព ធ្វើនូវសេចក្តីកោតក្រែង ហើយឲ្យទាន ឲ្យទានដ៏បរិសុទ្ធ មានសេចក្តីយល់ឃើញនូវផល ហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងឲ្យទានជាសប្បុរស យ៉ាងនេះឯង។ (បិដកភាគ ២៦ ទំព័រ ២១២)
ពាក្យថាសប្បុរសគឺសំដៅទៅលើមនុស្សល្អ តាមធម្មតារបស់សប្បុរសលោកមិនដែលបៀតបៀន ចាក់ដោត ឈ្នានីស ឬចងពៀរអ្នកដទៃឡើយ តែងឲ្យទានបំពេញវត្តប្រណិប័តន៍ក្នុងព្រះសាសនា ។
សប្បុរសលោកតែងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោកទាំងពីរគឺ លោកនេះផង និងលោកខាងមុខផង ។ សប្បុរសរមែងមានធម៌៤យ៉ាងនៅក្នុងសន្តានជានិច្ចគឺ៖
១-លោកអ្នកប្រព្រឹត្តល្អដោយកាយ វាចា ចិត្តជាប្រក្រតី
២-លោកតែងស្តាប់ពាក្យប្រៀប្រដៅរបស់បណ្ឌិតអ្នកប្រាជ្ញដោយគោរព
៣-រមែងត្រិះរិះឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវតាមផ្លូវសុចរិត
៤-តែងប្រតិបត្តិធម៌សមគួរដល់ធម៌ដែលបានត្រិះរិះឃើញថាត្រឹមត្រូវហើយ ។
សប្បុរសជាអ្នកប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត បុគ្គលដែលនឹងបាននាមថាសប្បុរសនោះគឺជាមនុស្សល្អ អ្នកប្រព្រឹត្តតែអំពើសុចរិតជាប្រក្រតី ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖