ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ អនុមោទនា បុណ្យមាឃបូជា ១៥ កើត ខែមាឃ

អនុមោទនា បុណ្យមាឃបូជា ១៥ កើត ខែមាឃ
━━━━━━━✥◈✥━━━━━━━
ថ្ងៃនេះ គឺជាទិវាប្រកបដោយមហានក្ខត្តឫក្ស និងពោរពេញដោយមនោសញ្ចេតនាជ្រះថ្លាក្នុងព្រះធម៌ដ៏ក្រៃលែង ដោយនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះអនុប្រធាន ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ មួយអន្លើដោយមហាឧបាសក-មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯកឧត្តម លោកជំទាវ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា បានប្រារព្ធពិធីបុណ្យមួយហៅថា “មាឃបូជា” តាមលំអានពីបុរាណពេលព្រឹកមាន៖ នមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្តប្រគេនចង្ហាន់ព្រះសង្ឃបង្សុកូល ស្តាប់ធម្មីកថា រាប់បាត និងនៅវេលាល្ងាច៖ ដង្ហែប្រទក្សិណឆ្ពោះទៅកាន់មុខទីលានព្រះពុទ្ធអង្គធំ នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនបរិត្តសូត្រ ស្តាប់ធម្មីកថាប្រទានឱវាទដោយ៖ ព្រះសាសនមុនី វេរគ្រឿងសក្ការៈប្រទីបជ្វាលា បាញ់កាំច្រួជ បង្ហោះគោម បូជាថ្វាយព្រះរតនត្រ័យ និងបដិបត្តិសមាធិរួមនៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ដោយប្រារព្ធនូវហេតុ ៣ ប្រការ ដែលកើតឡើងក្នុងពុទ្ធសម័យគឺ៖
១-រំឭកដល់សាវកសន្និបាត នៃព្រះសម្ពុទ្ធ ដែលហៅថា ចតុរង្គសន្និបាត
២-រំឭកដល់ការប្រកាសសំដែងឱវាទប្បាដិមោក្ខ នៃព្រះសម្ពុទ្ធ
៣-រំឭកដល់ការដាក់អាយុសង្ខារ នៃព្រះសម្ពុទ្ធ ។
ហេតុទាំង ៣ មានសារសំខាន់យ៉ាងក្រៃលែង ដោយន័យដូច្នេះ៖
១- រំឭកដល់ចតុរង្គសន្និបាត ការប្រជុំសាវ័ក ជារបៀបចតុរង្គសន្និបាតដូច្នេះ ក្នុងពុទ្ធកាលនៃព្រះសម្ពុទ្ធ សមណគោតម នៃយើងមានតែម្តងគត់ ។ ត្រូវបានធ្វើឡើងនូវថ្ងៃពេញបូណ៌មីខែមាឃ ខាងដើម នៃបឋមពោធិកាល គឺក្រោយពីព្រះសម្ពុទ្ធត្រាស់ដឹងបានចំនួន ៩ ខែ គឺរាប់ពីពេញបូណ៌មី ខែវិសាខ មកទល់នឹងពេញបូណ៌មី ខែមាឃ ចំនួន ៩ ខែគត់ បើគិតជាឆ្នាំតាំងពីពេលនោះមកដល់ពេលបច្ចុប្បន្ន នេះចំនួន ២៦១១ ឆ្នាំហើយ ។ បុណ្យមាឃបូជាប្រវត្តិសាស្ត្រមានអត្ថន័យសំខាន់ជាពន់ពេកក្នុងពុទ្ធចក្រ បើប្រដូចទៅនឹងអាណាចក្រ ការណ៍នេះប្រៀបដូចជាប្រវត្តិសាស្ត្រនៃការប្រជុំសភាលើកដំបូងរបស់ប្រទេសឯករាជ្យមួយ បន្ទាប់ពីជ័យជម្នះដណ្តើមបានឯករាជ្យពីអាណានិគមនិយមផ្តាច់ការណានីមួយ ។
ចំណែកឯក្នុងពុទ្ធចក្រ គឺជាចតុរង្គសន្និបាត លើកដំបូងបង្អស់ (ើយក៏ជាលើកចុង
ក្រោយ ព្រោះមានតែម្តងគត់ ក្នុងអំឡុងពុទ្ធសម័យ ៤៥ វស្សា) បន្ទាប់ពីព្រះសម្ពុទ្ធទ្រង់ឈ្នះលើសត្រូវគឺមារ ដែលរួមមាន កិលេសមារ សង្ខារមារ ខន្ធមារ ទេវបុត្តមារ មច្ចុមារ ជាគម្រប់ ៥ ហើយ ដណ្តើមបានឯករាជ្យលើអាណានិគម និយមតណ្ហា ដែលបានត្រួតត្រាលើទ្រង់អស់កាលមួយសង្សារវដ្តមកហើយ ទីបំផុតទ្រង់បានរើរួចពីរបបតណ្ហាផ្តាច់ការនេះ ដោយមជ្ឈិមាបដិបទា ជាមាគ៌ាអហិង្សា ជាមាគ៌ាសន្តិវិធី នាំឲ្យបាននូវសន្តិភាព និងឯករាជ្យជាស្ថាពរ ដែលភាសាពុទ្ធសាសនាហៅថា ព្រះនិព្វានជាទីបំផុតទុក្ខ ព្រោះបានផ្តាច់បង់ឫសគល់តណ្ហាអស់ជើង សមដូច ព្រះពុទ្ធតម្រាស់ ដែលព្រះសម្ពុទ្ធទ្រង់ត្រាស់នឹងរាធៈ ក្នុងរាធសំយុត្ត មារវគ្គទី ១ សុត្តន្តបិដក (ខ្មែរ) ភាគ ៣៤ ទំព័រ៧៥ ថា “តណ្ហក្ខយោ ហិ រាធ និព្វានន្តិ ម្នាលរាធៈ ព្រោះថា ការអស់ទៅនៃតណ្ហា ឈ្មោះថា ព្រះនិព្វាន” ។២- រំឭកដល់ការប្រកាសសំដែងឱវាទប្បាដិមោក្ខ នៃព្រះសម្ពុទ្ធ, ពាក្យថា ឱវាទប្បាដិមោក្ខ បានសេចក្តីថា បាដិមោក្ខជាឱវាទគឺបាលី ៣ គាថាកន្លះ ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ប្រទានឱវាទប្រកាសពុទ្ធសាសនា ដោយសង្ខេប (វចនានុក្រម) ដូចដែលមានក្នុងសុត្តន្តបិដក (ខ្មែរ) គម្ពីរទីឃនិកាយ មហាបទានសូត្រ ភាគ ១៦ ទំព័រ ១០៣ ជាគោលចារឹកដូច្នេះថា៖
“ខន្តិ បរមំ តបោ តីតិក្ខា
និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ
អធិវាសនខន្តី ពោលគឺសេចក្តីអត់ធន់ ជាតបធម៌ ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយ តែងត្រាស់ថា ព្រះនិព្វាន ជាធម៌ដ៏ឧត្តម បព្វជិតអ្នកសម្លាប់សត្វដទៃ បៀតបៀនសត្វដទៃ មិនឈ្មោះថា សមណៈឡើយ ។
សព្វបាបស្ស អករណំ កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ ឯតំ ពុទ្ធានសាសនំ
ការមិនធ្វើអំពើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំង ៣ នេះ ជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធានសាសនន្តិ
ការមិនពោលតិះដៀល ការមិនបៀតបៀន ការសង្រួមក្នុងបាតិមោក្ខ ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត ទីដេកទីអង្គុយដ៏ស្ងាត់ ការបំពេញព្យាយាម ក្នុងអធិចិត្តទាំង ៦ នេះជាពាក្យ
ប្រដៅរបស់ព្រះពុទ្ធទាំងឡាយ” ។ការប្រកាសនូវឱវាទប្បាដិមោក្ខរបស់ព្រះសម្ពុទ្ធនោះ គឺជាការប្រកាសសាសនធម្មនុញ្ញក្នុងពុទ្ធសាសនា ឬក្នុងពុទ្ធចក្រនេះ ដែលមានការប្រៀបធៀប ដូចជាប្រកាសរដ្ឋធម្មនុញ្ញ នៃប្រទេសមួយដូច្នោះដែរ ។ ហេតុដូច្នេះ បើតាមធម្មតា ប្រជាពលរដ្ឋ នៃប្រទេសជាតិនីមួយៗ ក្នុងលោក តែងតែធ្វើបុណ្យអបអរសាទររំឭកទិវាឯករាជ្យ និងទិវាបង្កើត ឬប្រកាសរដ្ឋធម្មនុញ្ញរបស់ជាតិខ្លួន, យ៉ាងណាមិញ សកលពុទ្ធជន ទូទាំងសកលលោក ធ្វើបុណ្យមាឃបូជារំឭកដល់សាវកសន្និបាត និងការប្រកាសឱវាទប្បាដិមោក្ខ ជាសាសនធម្មនុញ្ញរបស់សាសនាខ្លួន ក៏យ៉ាងនោះដែរ ។
បើសិក្សាឲ្យជ្រាលជ្រៅទៅ យើងនឹងបានឃើញថា ឱវាទប្បាដិមោក្ខ គឺជាបទប្រដៅសីលធម៌កំពូលលើ បទអប់រំសីលធម៌ទាំងអស់ ។ លើសជាងនេះទៅទៀត ឱវាទប្បាដិមោក្ខជាពាក្យប្រៀនប្រដៅរបស់ព្រះសម្ពុទ្ធ ចំពោះតែភិក្ខុសង្ឃដាច់ដោយឡែក ឬជាសាសនធម្មនុញ្ញរបស់ពុទ្ធសាសនា ដាច់ដោយឡែក តែមួយមុខនោះ ក៏មិនមែនដែរ គឺជាពាក្យប្រៀនប្រដៅជាសកល ជាធម្មនុញ្ញសកលដើម្បីសីលធម៌សកល វឌ្ឍនធម៌សកល សន្តិធម៌សកល សុខធម៌សកល សាមគ្គីសកល ព្រោះគ្មានបទអប់រំ ឬពាក្យប្រៀនប្រដៅ នៃសាសនាណានីមួយ ឬក៏ច្បាប់បញ្ញត្តិ រដ្ឋធម្មនុញ្ញ នៃប្រទេសរដ្ឋណានីមួយ ឲ្យប្រសើរលើស ឬនៅក្រៅក្របខណ្ឌ នៃឱវាទប្បាដិមោក្ខរបស់ព្រះសម្ពុទ្ធឡើយ ។
៣- រំឭកដល់ថ្ងៃ ព្រះសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ ។ ក្នុងសុត្តន្តបិដក (ខ្មែរ) គម្ពីរទីឃនិកាយ មហាបរិព្វានសូត្រ ទំព័រ ២២៤ ជាអាទិ៍ ព្រះសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ តាមការទទូច យ៉ាងចចេសរបស់មារដូច្នេះថា “ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ” ។
ព្រះពុទ្ធសាសនា ដែលមានធម្មវិន័យទាំងអស់ចំនួន ៨៤០០០ ព្រះធម្មក្ខន្ធ
សុត្តន្តបិដកភាគ ៥៧ ទំព័រ ៩៤ ដូច្នេះថា
“ទ្វាសីតិ ពុទ្ធតោ គណ្ហឹ ទ្វេ សហស្សានិ ភិក្ខុនោ
ចតុរាសីតិ សហស្សានិ យេ មេ ធម្មា បវត្តិនោ
សាសនធម៌ទាំងឡាយណា ដែលប្រព្រឹត្តទៅ (ក្នុងហឫទ័យ) របស់ខ្ញុំ សាសនធម៌ទាំងឡាយនោះ មាន ៨៤០០០ ធម្មក្ខន្ធ ខ្ញុំបានរៀនអំពីព្រះពុទ្ធ ៨២០០០ ធម្មក្ខន្ធ អំពីពួកភិក្ខុ ២០០០ ធម្មក្ខន្ធ” ។
បើតាមន័យនេះ ធម៌វិន័យក្នុងពុទ្ធសាសនា ពិតជាមានចំនួនច្រើនជាអនេកប្បការ យើងគេទាំងឡាយ មិនងាយនឹងសិក្សាឲ្យចេះចាំយល់ចូលចិត្ត ដូចព្រះអានន្ទ ជាពហុស្សូត ឃ្លាំងធម៌នោះទេ ហើយកម្រ នឹងប្រតិបត្តិឲ្យដិតដល់សព្វគ្រប់ តែយើងអាចសិក្សា និងប្រតិបត្តិ សេចក្តីសង្ខេប នៃពុទ្ធសាសនា ដោយសិក្សាត្រឹមតែឱវាទប្បាដិមោក្ខ ៣ គាថាកន្លះ ឬត្រឹមតែពុទ្ធោវាទ ៣ ប្រការគឺ៖
១- មិនធ្វើបាបទាំងពួង
២- បំពេញបុណ្យកុសលសុចរិត
៣- ជម្រះចិត្តឲ្យល្អបរិសុទ្ធដែលព្រះសម្ពុទ្ធទ្រង់សំដែងបង្រួញសេចក្តីឲ្យខ្លីប៉ុណ្ណោះ ក៏ឈ្មោះថាបានសិក្សាពុទ្ធសាសនាដោយល្អ ប្រតិបត្តិពុទ្ធសាសនាដោយប្រពៃ ដ្បិតថា ព្រះវិនយបិដក ដែលព្រះពុទ្ធទ្រង់បញ្ញត្តិជាសិក្ខាបទ ក៏ដើម្បីការពារកុំឲ្យសាវ័ក ប្រហែសធ្វេស ធ្វើអំពើបាបអសីលធម៌ អនាចារតាមអំពើចិត្ត ពោលគឺដឹកនាំអប់រំកាយ វាចា កុំឲ្យសាវ័ក យកកាយទៅធ្វើកាយទុច្ចរិត យកវាចាទៅពោលវចីទុច្ចរិត ដែលសង្គ្រោះចូលក្នុងពុទ្ធោវាទទី ១ គឺ សព្វបាបស្ស អករណំ កុំធ្វើបាបទាំងពួង (វៀរទាំងមនោទុច្ចរិត) ដោយអំណាចសីល (អប់រំកាយវាចា) ។ សុត្តន្តបិដក ដែលព្រះពុទ្ធទ្រង់សំដែង ដើម្បីបណ្តុះចិត្តឲ្យមានសទ្ធា ធ្វើទាន មានហិរិ ខ្មាសបាប ឱត្តប្បៈ ខ្លាចបាប មានព្រហ្មវិហារធម៌ សង្គហធម៌ សាមគ្គីធម៌ក្នុងសង្គមជាដើម ដើម្បីឲ្យសាវ័កស្រឡាញ់ពេញចិត្ត និងយល់ចូលចិត្ត អំពីតម្លៃកុសលធម៌ ដែលសង្គ្រោះចូលក្នុងពុទ្ធោវាទទី ២ គឺ កុសលស្សូបសម្បទា បំពេញកុសលឲ្យដល់ព្រម ដោយអំណាចទាន និងសមាធិ (អប់រំចិត្ត) ។ អភិធម្មបិដក ដែលព្រះពុទ្ធទ្រង់សំដែងអំពីបរមត្ថធម៌ (ចិត្ត ចេតសិក រូប និព្វាន) ដើម្បីឲ្យសាវ័កមានសតិ សម្បជញ្ញៈ ឃើញច្បាស់នូវសច្ចធម៌ ដោយបញ្ញា ជម្រះនូវចិត្តឲ្យបរិសុទ្ធផុតកិលេសធម៌ជាគ្រឿងសៅហ្មង ដែលសង្គ្រោះចូលក្នុងពុទ្ធោវាទទី ៣ គឺ សចិត្តបរិយោទបនំ ជម្រះចិត្តឲ្យបរិសុទ្ធផូរផង់ (អប់រំបញ្ញា) ។
តើពុទ្ធសាសនិកជនគួរប្រតិបត្តិមាឃបូជា ឬធ្វើបុណ្យមាឃបូជា ដោយបែបណា ?
បើមើលតាមហេតុ ដែលតម្រូវឲ្យប្រារព្ធមាឃបូជា យើងឃើញថា ការប្រកាសឱវាទប្បា-ដិមោក្ខ ដែលទុកដូចជាបេះដូងព្រះពុទ្ធសាសនានោះ ពិតជាមានសារធម្មសំខាន់ណាស់ ដែលពុទ្ធជន អ្នកកាន់ពុទ្ធសាសនា ត្រូវតែចេះដឹង ពោលគឺជាពុទ្ធសាសនិក យ៉ាងហោចណាស់ក៏ត្រូវចេះពុទ្ធោវាទ ៣ ប្រការ ដើម្បីបញ្ជាក់នូវអត្តសញ្ញាណរបស់ខ្លួនជាពុទ្ធជន ឬពុទ្ធសាសនិក ជាអ្នកកាន់ជឿប្រតិបត្តិតាមពុទ្ធសាសនា ។ ហេតុដូចនេះ ពុទ្ធជនគួរតែកាន់យកនូវបេះដូងពុទ្ធសាសនានោះ មកដាក់ក្នុងបេះដូងរបស់ខ្លួន ធ្វើជាបេះដូងរបស់ខ្លួន ប្រែថា ពុទ្ធជនត្រូវតែនាំគ្នាសិក្សានូវឱវាទប្បាដិមោក្ខនេះ ឲ្យចេះចាំ យល់ចូលចិត្ត ហើយប្រតិបត្តិឲ្យបានម៉ត់ចត់ប្រាកដប្រជាប្រចាំជីវិតជាពុទ្ធជន ជាពិសេសនៅថ្ងៃមាឃបូជានេះឯង ក្រៅអំពីការបូជាផ្កាភ្ញី ទៀន ធូប គ្រឿងក្រអូបជាដើម ដែលជាការធ្វើអាមិសបូជា ចំពោះព្រះពុទ្ធ គេត្រូវដង្ហែក្បួនធម្មយាត្រាផ្សាយមេត្តាធម៌ ផ្សាយអហិង្សធម៌ ផ្សាយមាគ៌ាសន្តិភាព របស់ព្រះពុទ្ធ (តាមតែអាចធ្វើទៅកើត) ភិក្ខុសង្ឃធ្វើឧបោសថកម្ម សាមណេរជម្រះទណ្ឌកម្ម (ប្រសិនបើមាន) បោស ជូត លាង រៀបចំវត្តអារាម ឧបាសក ឧបាសិកា សមាទានកាន់ឧបោសថសីល និងនិច្ចសីលឲ្យបានបរិសុទ្ធ ដើម្បីលះបង់ឲ្យជ្រះស្រឡះនូវអំពើបាបទាំងឡាយ ខិតខំធ្វើទានបំពេញកុសល មានការធ្វើទានចំពោះព្រះសង្ឃ ចំពោះឪពុកម្តាយ សង្គ្រោះអ្នកខ្វះខាត ក្រីក្រ ទន់ខ្សោយ ស្មូមយាចក ពោលគឺតាមវត្តនីមួយៗ ព្រះសង្ឃត្រូវតែធ្វើនូវកាល នៃកុសលធម៌ទាំង ៤ (សុ.អ.ចតុ. ភាគ ៤២ ទំព័រ ៣៥៥) ឲ្យកើតមានឡើងដល់ពុទ្ធបរិស័ទគឺ៖
១-កាលេន ធម្មស្សវនំ ត្រូវសំដែងធម៌អាថ៌ឲ្យពុទ្ធបរិស័ទស្តាប់តាមកាលដ៏គួរនេះ
២-កាលេន ធម្មសាកច្ឆា ត្រូវប្រជុំពុទ្ធបរិស័ទក្នុងធម្មសភាសន្ទនាធម៌តាមកាលដ៏គួរនេះ
៣-កាលេន សមថោ បង្រៀនពុទ្ធបរិស័ទឲ្យចេះធ្វើសមថកម្មដ្ឋាន តម្កល់ចិត្តឲ្យឋិតក្នុងពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ ជាដើម ដើម្បីរម្ងាប់ចិត្ត ឲ្យស្ងប់នីវរណធម៌ តាមកាលដ៏គួរនេះ ។
៤.លេន វិបស្សនាកា ឲ្យពុទ្ធបរិស័ទ ប្រតិបត្តិវិបស្សនា មានការសិក្សាប្រតិបត្តិ សតិប្បដ្ឋានទាំង ៤ ជាដើម តាមកាលដ៏គួរនេះ ។
ចំពោះវត្តដែលមានទម្លាប់ប្រតិបត្តិកាលទាំង ៤ នេះមកខ្ជាប់ខ្ជួនហើយ នោះជាការប្រពៃពេក រីឯវត្តណា ដែលមិនទាន់បានប្រតិបត្តិបែបនេះ គួរតែណែនាំបព្វជិត និងគ្រហស្ថប្រតិបត្តិឲ្យបានយ៉ាងហោចណាស់ក្នុងថ្ងៃឧបោសថ និងថ្ងៃបូជាទាំងឡាយក្នុងពុទ្ធសាសនា ដើម្បីជាការធ្វើនូវធម្មបូជាចំពោះព្រះសម្ពុទ្ធ ជាការបូជាដ៏ប្រសើរលើសលន់ ។
ដូច្នេះថ្ងៃនេះ ជាថ្ងៃអស្ចារ្យណាស់ សូមសាធុជនដល់ព្រះត្រៃសរណគមន៍ សមាទានសីល ចម្រើនភាវនា អង្គុយសមាធិ អប់រំសតិប្បដ្ឋានជាដើម ។
ដោយតេជានុភាពនៃថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ជាថ្ងៃ រំឭកដល់សាវកសន្និបាត នៃព្រះសម្ពុទ្ធ ដែលហៅថា ចតុរង្គសន្និបាត រំឭកដល់ការប្រកាសសំដែងឱវាទប្បាដិមោក្ខ នៃព្រះសម្ពុទ្ធ និងរំឭកដល់ការដាក់អាយុសង្ខារ នៃព្រះសម្ពុទ្ធ ។

សូមប្រសិទ្ធពរជ័យ សិរីសួស្តី សុខសន្តិភាព ចូរមានដល់ពិភពលោកទាំងមូល ចូរមានដល់មនុស្សជាតិ និងសព្វសត្វដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធុសប្បុរស សូមជាបុគ្គលតាំងនៅដោយសម្មាទិដ្ឋិ មានជយមង្គល សិរីសួស្តី វិបុលសុខ ក្សេមក្សាន្ត មានសុភមង្គលក្នុងគ្រួសារ មានព្រហ្មវិហារធម៌ចំពោះគ្នា និងគ្នា ជាអ្នកមានសុវត្ថិភាពគ្រប់ពេលវេលា មិនមានទុក្ខ សោក រោគ ភ័យ គ្រោះចង្រៃណានីមួយឡើយ សុខចម្រើនកើតមានជានិច្ចនិរន្តរ៍ បូរិបូណ៌ដោយអាយុសម្បត្តិ វណ្ណសម្បត្តិ សុខសម្បត្តិ ពលសម្បត្តិ បដិភាណសម្បត្តិ បញ្ញាសម្បត្តិ សិរីសម្បត្តិ ភោគសម្បត្តិ យសសម្បត្តិ អារោគ្យសម្បត្តិ គ្រប់ៗអត្តភាព និព្វានស្ស បច្ចយោ ហោតុ សូមបានជាបច្ច័យឃើញនូវព្រះនិព្វាន ដោយបដិវេធញ្ញាណ កុំបីឃ្លៀងឃ្លាតឡើយ ។សូមថ្វាយ-ប្រគេន-ជូននូវមហាព្រះរាជកុសលសម្តេចព្រះសង្ឃរាជ មានសម្តេចព្រះសង្ឃរាជ ជួន ណាត វិរសមណសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ មានព្រះបរមរតនកោដ្ឋ ព្រះរាជវង្សានុវង្ស គ្រប់ជំនាន់គ្រប់ព្រះអង្គ និងវិរជន ដែលបានបូជាពលីជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបុព្វការីជនទាំងឡាយរបស់ញាតិញោមសាធុសប្បុរសមាន៖ មាតា បិតា ជីដូន ជីតា បងប្អូន ញាតិមិត្ត ដែលបានលះលោកនេះទៅកាន់បរលោក សូមជ្រះថ្លាអនុមោទនានូវបុញ្ញសម្បទា គឺបុណ្យនេះ ហើយបានច្យុតិក្នុងសុគតិភព អវសានជាតិ សូមបានរួចចាកទុក្ខ មានព្រះនិព្វានជាបរិយោសាន ។

ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖