អត្តភាពជាមនុស្ស អ្នកដឹងនូវពាក្យពោល ប្រាសចាកសេចក្តីកំណាញ់
━━━━━━✥◈✥━━━━━━
ទេវតាទូលថា យើងខ្ញុំ ដឹងសេចក្តីនេះ ជាក់ច្បាស់ដូច្នេះហើយ យើងខ្ញុំសូម ក្រាបបង្គំទូលសួរ នូវសេចក្តីដទៃ នឹងព្រះគោតមជាម្ចាស់ (តទៅទៀត) ក្នុងលោកនេះ ជនទាំងឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជាអ្នកដឹង នូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាក របស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។
ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ជនទាំងឡាយណា បានអត្តភាពជាមនុស្សហើយ ជាអ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជនទាំងឡាយនោះ រមែងរុងរឿង ក្នុងឋានសួគ៌ ជនទាំងឡាយនោះ ទោះទៅកើតក្នុងទីណា បើដល់នូវអត្តភាពជាមនុស្ស រមែងកើតក្នុងត្រកូលដ៏ស្តុកស្តម្ភ ស្វែងរកសំពត់ និងអាហារ និងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណ និងល្បែងបានដោយងាយ ទាំងមានអំណាច ផ្សាយទៅក្នុងភោគៈទាំងឡាយ ដែលអ្នកដទៃសន្សំបានមក សប្បាយរីករាយក្នុងចិត្ត នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានសុគតិជាផល។ (មច្ឆរិសូត្រទី៩ បិដកភាគ២៩ ទំព័រ ៨៧-៨៨) ។
ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា ក្រោយពីនិមន្តគង់-អង្គុយបដិបត្តិ ព្រះធម៌ និងស្តាប់ការធ្វើបទបង្ហាញអំពី “កសិណ” ដោយធម្មាចារ្យ ឡេង គឹមឡុង រួចមកក៏បាននិមន្ត-អញ្ជើញគោចរបិណ្ឌបាតទទួលភត្តថ្ងៃត្រង់ ដែលទាយក-ទាយិកា សប្បុរសទានជ្រះថ្លាបូជាប្រគេន-ជូន ជាចង្ហាន់បិណ្ឌបាត ភេសជ្ជៈ ឬទេយ្យទានផ្សេងៗ ជារៀងរាល់ថ្ងៃដល់បដិគ្គាហៈដ៏ប្រសើរ ។
ដោយតេជៈនៃធម្មទាន និងអាមិសទានដ៏ថ្លៃថ្លានេះ ដែលសិក្ខាកាម និងទាយក-ទាយិកា សប្បុរសបានបំពេញក្នុងពេលនេះ នឹងពេលកន្លងមក សូមបានសម្រេចបុណ្យកុសលជាលោកិយសម្បត្តិ និងលោកុត្តរសម្បត្តិ ។ សូមអនុមោទនា !
ពុទ្ធមណ្ឌល,ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦