ទានមាន ៨ យ៉ាង
អដ្ឋិមានិ ភិក្ខវេ ទាននិ ម្នាលភិក្ខុទាំងឡាយទាននេះមាន ៨ យ៉ាង ។ កតមានិ អដ្ឋ ទាន ៨ យ៉ាងតើដូម្តេចខ្លះគឺ៖
១-អាសជ្ជ ទានំ ទេតិ បុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ។
អដ្ឋកថាៈ ដោយសេចក្តីថា បុគ្គលខ្លះឲ្យទានព្រោះបានជួបប្រទះគឺស្រាប់តែបានឃើញបដិគ្គាហកមកដល់ និមន្តឲ្យលោកគង់មួយភ្លែត ធ្វើសកា្ករៈហើយ ទើបប្រគេននូវទេយ្យធម៌ រមែងមិនលំបាកចិត្តថានឹងឲ្យ ។
២-ភយា ទានំ ទេតិ ឲ្យទានព្រោះភ័យ ។
អដ្ឋកថាៈ គឺព្រោះខ្លាចគេគរហានិន្ទាថា បុគ្គលនេះជាអ្នកមិនឲ្យទាន ឬ ព្រោះខ្លាចអបាយភូមិ ។
៣-អទាសិ មេតិ ទានំ ទេតិ ឲ្យទានដោយគិតថា គេបានឲ្យដល់អាត្មាអញ ។
អដ្ឋកថាៈ ដោយ សេចក្តីថា ឲ្យទានដោយគិតថា បុគ្គលនេះធ្លាប់បានឲ្យវត្ថុនេះដល់អាត្មាអញក្នុងកាលមុន ។
៤-ទស្សតិ មេតិ ទានំ ទេតិ ឲ្យទានដោយគិតថា គេនឹងឲ្យទានដោយគិតថា បុគ្គលនេះនឹងឲ្យវត្ថុនេះដល់អាត្មាអញ ក្នុងអនាគត ។
៥-សាហុ ទានន្តិ ទានំ ទេតិ ឲ្យទានដោយគិតថា ទានជាការប្រពៃ ។
អដ្ឋកថាៈ ដោយសេចក្តីថាឲ្យទានដោយគិតថា ដែលឈ្មោះថាទាន រមែងញ៉ាំង ប្រយោជន៍ឲ្យសម្រេច គឺថាជាការល្អប្រពៃ ដែលបណ្ឌិតទាំងឡាយ មានព្រះសម្មាសម្ពុទ្ធជាដើម សរសើរ ហើយ ។
៦-អហំ បចាមិ ឥមេ ន បចន្តិ នារហាមិ
បចន្តោ អបចន្តានំ ទានំ ន ទាតុន្តិ ទាតុន្តិ ទេតិ
ឲ្យទានដោយគិតថា យើងចម្អិន បុគ្គលទាំងឡាយនេះចម្អិនមិនបានអាត្មា
អញ កាលចម្អិនបានមិនគួរថា មិនឲ្យទានដល់បុគ្គលដែលមិនអាចចម្អិនបាននោះឡើយ ។
៧-ឥមំ មេ ទានំ ទទតោ កល្យាណោ
កិត្តិសន្ទោអព្ភុគ្គចឆតីតិ ទានំ ទេតិ ឲ្យទានដោយថា កាលបើអាត្មាអញនូវទាននោះ កិត្តិសព្ទដ៏ពិរោះរមែងខ្ចរខ្ចាយទៅ ។
៨-ចិត្តាលង្ការចិត្តបរិក្ខារត្ថំ ទានំ ទេតិ
ឲ្យទានដើម្បីជាគ្រឿងប្រដាប់នៃចិត្ត និង ដើម្បីប្រដាប់តាក់តែងចិត្ត ក្នុងសមថៈ និងក្នុងវិបស្សនា ព្រោះថា ទាន រមែងធ្វើចិត្តឲ្យទន់ភ្លន់ ទាំងអ្នកឲ្យទាំងអ្នកទទួល ។ អ្នកដែលទទួលទាន រមែងមានចិត្តទន់ភ្លន់ចិត្តល្អថា ម្ចាស់ទានបានឲ្យហើយ ចំណែកបុគ្គលអ្នកឲ្យទានវិញ ក៏រមែងមានចិត្តទន់ភ្លន់ថា យើងបានឲ្យទានហើយ ព្រោះហេតុនោះឯង ទើបលោកពោលថា ការហ្វឹកហាត់ចិត្តដែលនៅមិនទាន់ហ្វឹកហាត់ ដោយការឲ្យទាន ។
សមដូចព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា
អទន្តទមនំ ទានំ អទានំ ទន្តទូសកំ
អនេន បិយវាចេន ឱណមន្តិ នមន្តិ ច ។
ការឲ្យទាន ជាគ្រឿងហ្វឹកហាត់ទូន្មានចិត្តដែលនៅមិនទាន់បានទូន្មានការមិនឲ្យទាន ជាគ្រឿងប្រទូសរ៉ាយ ចិត្តដែលបានទូន្មានហើយ ជនទាំងឡាយដែលមានចិត្តទន់ភ្លន់ និង មានចិត្តបង្អោន ដោយបិយវាចានេះឯង ។
ក្នុងបណ្តាការឲ្យទានទាំង៨ ប្រការនេះ ការឲ្យដើម្បីប្រដាប់តាក់តែងចិត្ត បានដល់ការឲ្យទានទី ៨ តែប៉ុណ្ណោះ ជាការឲ្យដ៏ខ្ពង់ខ្ពស់បំផុត ។
ក្នុងអដ្ឋកថាទានសូត្រ អង្គុយត្តរនិកាយសត្តកនិបាត បានសម្តែងថា ទានដែលជាគ្រឿងប្រដាប់តាក់តែងចិត្តនេះឯង គឺជាទានដែលប្រកបដោយសមថៈនិង វិបស្សនាដូច្នោះ ទើបញ៉ាំងឈាននិងអរិយមគ្គឲ្យកើតឡើង បដិសន្ធិក្នុងព្រហ្មលោក ជាព្រះអនាគាមី នេះជាទានមានផល ច្រើន មានអានិសង្សច្រើន ។
(ទានវគ្គ បឋមទានសូត្រ (បិដកលេខ ៤៨ ទំព័រ ១៦០))
———————————
អនុមោទនា ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមយោគាវចរបដិបត្តិវិបស្សនាវគ្គខ្លី និមន្ត-អញ្ជើញគោចរបិណ្ឌបាតភត្តថ្ងៃត្រង់ នាវារភត្តក្នុងថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !