ញាតិញោមពុទ្ធបរិស័ទមាន៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម និងពុទ្ធបរិស័ទ
ប្រគេន-ជូនចង្ហាន់បិណ្ឌបាត្រនិច្ចថ្ងៃត្រង់ ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី គង់ស្នាក់នៅសិក្សាបដិបត្តិទ្រទ្រង់ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━━✥◈✥━━━━━━━
នាព្រឹក,ថ្ងៃអាទិត្យ ១០ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នំា២០២៣នេះ ក្រោយពិធីបញ្ចុះបឋមសិលាកសាងអគារសាលាបដិបត្តិវិបស្សនារួចមក ញាតិញោមពុទ្ធបរិស័ទមាន៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទដែលអញ្ជើញមកកាន់ពុទ្ធមណ្ឌលបាននាំមកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាត វេរប្រគេនព្រះសង្ឃសង្ឃមានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃរួចមក ក៏បានអញ្ជើញរាប់បាតប្រគេន-ជូនចង្ហាន់បិណ្ឌបាតថ្ងៃត្រង់ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី ។
ការនិមន្តគោចរបិណ្ឌបាត គឺជាជាបវេណីនៃព្រះពុទ្ធគ្រប់ព្រះអង្គតាំងពីបុរាណកាលដែលមានចារឹកទុកក្នុងគម្ពីរដីកា អដ្ឋកថា និងឯកសារនានាផ្នែកពុទ្ធសាសនា។ សព្វសត្វទាំងអស់មានជីវិតតាំងនៅបានក៏អាស្រ័យអាហារ ដែលជាផ្នែកដ៏សំខាន់ញ៉ាំងឲ្យរូបកាយ សាច់ឈាម ស្បែកសរសៃ និងពណ៌សម្បុរ ចម្រើនលូតលាស់ស្រស់បស់ទៅបាន។ កាលបើប្រាសចាកអាហារហើយ រូបរាងកាយទាំងមូលក៏ស្វិតស្រពោន ថមថយចុះជាលំដាប់ ទាំងជីវិតទៀតសោតក៏តាំងនៅបានដោយកម្រ ។
ដោយបុញ្ញានុភាព នៃការប្រគេនទេយ្យទាន ចង្ហាន់បិណ្ឌបាតដ៏ប្រណីត ដែលញាតិញោមពុទ្ធបរិស័ទមានអគ្គមហាឧបាសិកាជាដើម បំពេញដោយវត្តប្រណីប័តន៍ដ៏ល្អក្នុងព្រះសាសនានេះ សូមបានជាទានូបនិស្ស័យក្នុងព្រះពុទ្ធសាសនា និងបានជាបច្ច័យរួចចាកវដ្តទុក្ខ និងសមប្រកបដោយមង្គលពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនាបុណ្យ ! សាធុ សាធុ សាធុ!