ប្រគេនទេយ្យទាន ចង្ហាន់បិណ្ឌបាត រាប់បាត និងចូលរួមជាវអំពូលសូឡាដាក់បំភ្លឺតាមដងផ្លូវ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ
នាព្រឹកថ្ងៃអាទិត្យ ១១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នំា២០២៣នេះ÷
អ្នកឧកញ៉ា កែវ មុំ (អគ្គនាយិកាក្រុមហ៊ុន នំស្រួយលីលី) និងសហការី មានបីតិសោមនស្សជ្រះថ្លា បានអញ្ជើញមកបំពេញវត្តប្រណិប័តន៍អប់រំចិត្តក្នុងព្រះពុទ្ធសាសនា រយៈពេល ៣ថ្ងៃ នៅពុទ្ធមណ្ឌល និងបានប្រគេននូវទេយ្យទានជាច្រើន និងចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃមានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃ និងបានរាប់បាតប្រគេន-ជូនដល់ព្រះសង្ឃ សីលវន្ត និងសីលវតីផងដែរ ។
ចំពោះទេយ្យទានដែលអ្នកឧកញ៉ាប្រគេនដល់ព្រះសង្ឃរួមមាន÷
– ទឹកសុទ្ធ ភេសជ្ជៈ កៅអីបត់ ស្មៅសុប្បនិមិត្ត កម្រាលជូតជើង មីម៉ាម៉ា-ត្រីខ ទឹកស៊ីអ៉ីវ-ទឹកត្រី កាហ្វេ តម្កល់ប្រាក់ជាវអំពូលសូឡាដាក់បំភ្លឺតាមដងផ្លូវ និងបានទុកដាក់ប្រាប់សម្រាប់ចាត់ចែងឧបត្ថម្ភនិច្ចភត្តប្រចាំថ្ងៃផងដែរ ។
ដោយបុញ្ញានុភាព និងអានិសង្សនៃទានដ៏ប្រណីតថ្លៃថ្លានេះ ដែលអ្នកឧកញ៉ា ព្រមទាំងសហការី បានបំពេញភាវនូបនិស្ស័យ និងទានូបនិស្ស័យក្នុងឱកាសនេះ និងពេលកន្លងមក សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជ្រះថ្លាអនុមោទនាបុណ្យ ! សាធុ សាធុ សាធុ !