សូមអនុមោទនា កិច្ចគោចរបិណ្ឌបាតរបស់ភិក្ខុសង្ឃ សីលវន្ត និងសីលវតី និងរាប់បាតរបស់ព្រះតេជគុណ និងញាតិញោមពុទ្ធបរិស័ទ និមន្ត-អញ្ជើញមកពីខេត្តសៀមរាប ជ្រះថ្លាប្រគេន-ជូនចង្ហាន់បិណ្ឌបាត ភត្តថ្ងៃត្រង់ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━━━✥◈✥━━━━━━━━
បច្ច័យទាំងឡាយ៤សម្រាប់បព្វជិតអ្នកបួសក្នុងពុទ្ធសាសនារួមមាន៖
១-បិណ្ឌបាត គឺអាហារសម្រាប់ទ្រទ្រង់រូបកាយ
២-ចីវរ ព្រះសង្ឃបសដល់ស្បង់ ចីពរ សង្ឃាដី ជាគ្រឿងបិទបាំងរាងកាយ (គ្រហស្ថខោ-អាវ…)
៣-សេនាសនៈ ទីសម្រាប់សឹង ដេក អង្គុយ មានកុដិ សាលា រោងឧបោសថជាដើម
៤-គិលានភេសជ្ជៈ បានដល់ភេសជ្ជៈ ៥ យ៉ាង និងថ្នាំសម្រាប់ព្យាបាលរោគជាដើម ។
សេចក្ដីពិចារណាក្នុងការប្រើប្រាស់បិណ្ឌបាតប្បច្ច័យ ក៏ដូចជាបច្ច័យទាំងឡាយ៣ទៀតដែរ ពោលគឺគ្រាន់តែញ៉ាំងរាងកាយ និងជីវិតឱ្យតាំងនៅដើម្បីប្រតិបត្តិធម៌ ជម្រះចិត្តឱ្យបរិសុទ្ធផូរផង់ប្រាសចាករាគៈ ទោសៈ មោហៈ ដែលជាឫសគល់នៃគ្រឿងសៅហ្មងនានា ។
ក្នុងពុទ្ធសាសនាអធិប្បាយដោយសេចក្ដីធៀបថា ដំណើរនៃហ្វូងសត្វភមរជាតិ គឺពពួកឃ្មុំជាដើមនេះ ដែលត្រាច់ចរទៅត្រឹបត្រងលំអងកេសរផ្កា ដោយមិនបណ្ដាលឱ្យអន្តរាយនូវស្រទាប់ផ្កាយ៉ាងណា ភាពបរិសុទ្ធផូរផង់នៃដំណើរត្រាច់និមន្តបិណ្ឌបាតរបស់ព្រះភិក្ខុសង្ឃ នៅតាមនិគមជននានា ឬរោងសាលានិច្ចភត្តសង្ឃ ក៏មិនធ្វើឱ្យសប្បុរស អ្នកម្ចាស់ទាន មានសេចក្តីរង្កៀស ដោយប្រការណាមួយ ដោយការសុំរបស់បព្វជិត ក៏យ៉ាងនោះដែរ ៕
━━━━━━━━
ពុទ្ធមណ្ឌល,ថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤