សប្បុរសមានប្រយោជន៍ដល់ពួកជនច្រើន ប្រើប្រាស់ភោគៈទាំងឡាយ ទេវតា រមែងរក្សានូវសប្បុរស ជាអ្នកគ្រប់គ្រងធម៌នោះ ជាពហុស្សូត បរិបូណ៌ដោយសីល និងវ័ត កិត្តិស័ព្ទ មិនលះបង់នូវសប្បុរស អ្នកតាំងនៅក្នុងធម៌។ អ្នកណាមួយ អាចដើម្បីនិន្ទា បុគ្គលដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ បីដូចជាមាសជម្ពូនទនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះដែរ។ (បិដក ៤៤ ទព័រ ៩៤)
━━━━━━━✥◈✥━━━━━━━
សកម្មភាព សិក្ខាកាម (ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា) សិក្សាវគ្គវិក្រិត្យការគរុកោសល្យវិបស្សនា (សមថ-វិបស្សនាកម្មដ្ឋាន) ដើម្បីធ្វើបទបង្ហាញចែករំលែក ផ្ទេរចំណេះដឹងផ្នែកសាសនប្បដិបត្តិ និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូធម្មាចារ្យ-សិក្ខាកាម ដែលនិមន្ត-អញ្ជើញមកពីខេត្ត-រាជធានី សិក្សារួមគ្នា ដើម្បីបណ្តុះបណ្តាលចំណេះដឹងបំពេញបន្ថែមដែលមានស្រាប់ ជាពិសេសដើម្បីពង្រឹងការផ្សព្វផ្សាយកិច្ចគោរពបដិបត្តិព្រះធម៌វិន័យ ទាំងផ្នែកវិបស្សនាធុរៈ និងគន្ធធុរៈ ឲ្យមានគុណវុឌ្ឈិ គុណតម្លៃសុខដុមនីយកម្មសាសនា នេះជាកម្មវត្ថុនៃការសិក្សាឲ្យមានការឯកភាពគ្នា ព្រមព្រៀងគ្នា និងយោងតាមសង្ឃប្រកាស អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ បានចែងថា៖ ជម្រុញ និងលើកទឹកចិត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចលនាមហាជនឲ្យបដិបត្តិសមថ-វិបស្សនាកម្មដ្ឋានឲ្យមានបរិមាណច្រើននៅទូទាំងប្រទេស សំដៅអប់រំបញ្ញា ឲ្យមានសុខមាលភាព និងភាពសុខស្ងប់ផ្លូវចិត្ត ។ ថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរៈ មានកាតព្វកិច្ចបណ្តុះបណ្តាលគ្រូសមថ-វិបស្សនាកម្មដ្ឋានឲ្យបានគ្រប់គ្រាន់តាមតម្រូវការនៅទូទាំងប្រទេស ពង្រឹងវគ្គសិក្សាខ្លី និងវែង ផ្នែកសមថ-វិបស្សនាកម្មដ្ឋាន ឲ្យបានល្អប្រសើរ និងមានគុណភាពបន្ថែមទៀត ដើម្បីពង្រឹងការផ្សព្វផ្សាយព្រះធម៌វិន័យ “ផ្នែកវិបស្សនាធុរបដិបត្តិ” ឲ្យមានតម្លៃសុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីធ្វើឲ្យការបដិបត្ដិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលនេះ ឲ្យកាន់តែប្រសើរឡើង ទាំងផ្នែកគន្ធធុរៈ និងវិបស្សនាធុរៈ ឲ្យបានជ្រោតជ្រាបដល់សិក្ខាកាម នឹងបានជាវត្តបដិបត្តិដ៏សុក្រឹត នៃព្រហ្មចរិយធម៌ ពីព្រោះព្រះធម៌កម្មដ្ឋាននេះ ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលបានឃើញដោយលំបាក ដែល ប្រណិប័តន៍ធ្វើឲ្យជាក់ច្បាស់បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនមែនជាធម៌ស្ទង់ប្រមើល ដោយគំនិតត្រិះរិះនោះទេ ជាធម៌ល្អិតផូរផងប្រណិត ធម៌នេះមានតែអ្នកប្រាជ្ញ (ប្រតិបត្តិ) ទើបដឹងបាន ។ ការសិក្សាបដិបត្តិព្រះធម៌វិន័យ មានសារៈសំខាន់ណាស់សម្រាប់ពុទ្ធបរិស័ទ ដែលគោរពរាប់អានព្រះពុទ្ធសាសនា និងមានតម្លៃកាត់ថ្លៃមិនបាន បើអ្នកបានសិក្សាយល់ដឹងជ្រាបច្បាស់ យកទៅប្រតិបត្តិតាម ធ្វើឲ្យអ្នកងាកមកដើរ ផ្លូវត្រូវ (សម្មាទិដ្ឋិ) លែងវង្វេងច្រឡំ សង្ស័យ រមែងរួចផុតពីផ្លូវខុស (មិច្ឆាទិដ្ឋិ) ហើយឆាប់ទៅដល់ទីបំផុតទុក្ខ គឺព្រះនិព្វានជាបរមសុខយ៉ាងក្រៃលែង ។ នេះជាឱកាសសម្រាប់ពុទ្ធសាសនិកគ្រប់រូប ដែលបានជួបព្រះពុទ្ធ ព្រះធម៌ ហើយពុំបានចម្រើនវិបស្សនានោះទេ ត្រូវមានស្មារតីប្រុងប្រយ័ត្ន ក្នុងការប្រតិបត្តិព្រះធម៌ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាជីវិតរបស់យើងមានប្រមាណតិចតួចណាស់ ត្រូវយកព្រះធម៌ជាទីពឹងទីរលឹក សម្រាប់ដំណើរជីវិត ត្រាច់រង្គត់ក្នុងវដ្តសង្សារនេះ ។
ក្រោយពីព្រះរតនសត្ថា សែម សុវាសនា ជាព្រះធម្មាចារ្យគ្រូឧទ្ទេស បានធ្វើបទបង្ហាញគោលប្រណិប័តន៍អំពី “សីល” ដល់សិក្ខាកាមរួចមក ក៏បាននិមន្ត-អញ្ជើញគោចរបិណ្ឌបាត និងទទួលភត្តថ្ងៃត្រង់ និងពេលរសៀលបន្តសិក្សានៅសាលបដិបត្តិវិបស្សនា (ព្រៃធុតង្គ) ។
ដោយតេជានុភាព នៃការសិក្សាទ្រទ្រង់បដិបត្តិព្រះធម៌វិន័យ សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។
ពុទ្ធមណ្ឌល,ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖