វត្តបដិបត្តិក្នុងព្រះសាសនា
(សីល សមាធិ បញ្ញា)
━━━━✥◈✥━━━━━
នារាត្រីទី២ នៃថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នំា២០២៣នេះ៖
សិក្ខាកាមយោគាវចរ ចំនួន ៨៧០ អង្គ/នាក់ ក្រោយពីគង់-អង្គុយ និងចង្ក្រមភាវនាកម្មដ្ឋាន អស់រយៈពេលជាច្រើនម៉ោង តាំងពីយប់ម៉ោង ៣ : ៣០ នាទីទៀបភ្លឺ ទល់នឹងព្រះទិន្នករអស្តង្គត និងឈានចូលដល់រាត្រីមកដល់ ក៏នៅតែបន្តចម្រើនបដិបត្តិសមាធិកម្មដ្ឋានដោយយោនិសោមនសិការ តុណ្ហីភាព វិរិយភាព និងមានបីតិបាមោជ្ជសោមនស្សជ្រះថ្លាក្នុងព្រះធម៌រួចមកក៏បានបន្តស្តាប់ធម្មីកថាដែលសម្តែងដោយៈ ព្រះធម្មត្ថេរោ ហ៊ឹម ប៊ុនធឿន ស្ថិតក្រោមពន្លឺនៃដួងខែដ៏ស្រទន់ និងមានព្រះពាយបក់ផាត់មក ធ្វើឲ្យត្រជាក់កាយ នៅមុខបរិវេនទីលានព្រះអង្គធំ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន។
ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកដែលដឹងដោយប្រពៃ ផុតស្រឡះ (ចាករាគាទិក្កិលេស) ជាអ្នកស្ងប់រម្ងាប់ ដូច្នោះ។
នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងត គឺវដ្ដៈផង មានឱកាសកំចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តមបុរស។
ព្រះអរហន្តទាំងឡាយ នៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះឯង ជាភូមិគួរត្រេកអរ។ (បិដកភាគ ៥២ ទំព័រ ៤២ )
ដោយអំណាចនៃការបដិបត្តិចម្រើនធុតង្គវត្ត សូមឲ្យសព្វសត្វបាននូវសេចក្តីសុខ ចូរកុំឲ្យមានពៀរនឹងគ្នា ចូររក្សាខ្លួនជាសុខតរៀងទៅ ។
ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !