ឲ្យទានដោយចិត្តជ្រះថ្លា
(វគ្គបណ្តុះបណ្តាលវិបស្សនាធុរៈ)
━━━━✥◈✥━━━━
ទេវតាទូលថា ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែងប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវបាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត។
ព្រះមានព្រះភាគត្រាស់ថា ជនទាំងឡាយណា មានចិត្តជ្រះថ្លា ឲ្យបាយនោះ ដោយសទ្ធា បាយនោះ រមែងចូលទៅរកជនទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គប្បីកំចាត់បង់ នូវសេចក្តីកំណាញ់ចេញ គ្របសង្កត់នូវមន្ទិល ហើយឲ្យទានចុះ (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹងនៃពួកសត្វក្នុងបរលោក។ (អន្នសូត្រទី៣ បិដកភាគ២៩ ទំព័រ៨១) ។
នាព្រឹកថ្ងៃអង្គារ៍ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
លោកជំទាវបណ្ឌិត ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិតសភាកម្ពុជា និងសហការីក្រុមញាតិទាំងអស់ អញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានមកនាំនូវចង្ហាន់បិណ្ឌបាត និងទេយ្យទានជាច្រើន ដើម្បីវេរបូជាថ្វាយព្រះរតនត្រ័យ និងប្រគេន-ជូនរាប់បាតព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា ជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ ។
ដោយតេជៈនៃទាននេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនទាំងឡាយ និងញាតិកាទាំង ៧ សន្តាន របស់លោកជំទាវបណ្ឌិត និងសហការីក្រុមញាតិ មានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖