១-ពួកសប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ។
២-កាលចូលទៅជិត រមែងចូលទៅជិតតែបុគ្គលមានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមានសទ្ធាដូច្នោះទេ
៣-កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ
៤-កាលសំដែងធម៌ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌ចំពោះបុគ្គលមិនមានសទ្ធាដូច្នោះទេ
៥-កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។ (បិដកភាគ ៤៤/៨៣)
———————————————
កិច្ចវត្តគោចរបិណ្ឌបាត ប្រចាំថ្ងៃ ព្រះសង្ឃ សីលវន្ត សីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដែលទាយក-ទាយិកាជ្រះថ្លានាំមកបូជាប្រគេន-ជូនដល់បដិគ្គាហកៈកំពុងទ្រទ្រង់សិក្សាបដិបត្តិ សីល សមាធិ បញ្ញា នាថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ។ សូមអនុមោទនា !!!