ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីប្រតិបត្តិយ៉ាងកណ្តាលណា ដែលព្រះតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន ធម៌នុ៎ះ ឈ្មោះថាមិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
ការលើកតំកើង និងការបន្តុះបង្អាប់ ទាំងមិនមែនជាការសំដែងធម៌ ណា ធម៌នុ៎ះ ឈ្មោះថាប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ការដែលមិនលើកតំកើង និងការមិនបន្តុះបង្អាប់ ទាំងការសំដែងធម៌ដោយត្រង់ណា ធម៌នេះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។ សេចក្តីសុខណា ជាសេចក្តីសុខក្នុងកាម ជាសេចក្តីសុខរបស់បុថុជ្ជន ជាសេចក្តីសុខដ៏លាមក មិនមែនជាសេចក្តីសុខ របស់ព្រះអរិយបុគ្គល ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុសព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង ។ សេចក្តីសុខណា ដែលជាសេចក្តីសុខក្នុងការចេញចាកកាម ជាសេចក្តីសុខក្នុងការស្ងាត់ ជាសេចក្តីសុខក្នុងការរម្ងាប់កិលេស ជាសេចក្តីសុខក្នុងការត្រាស់ដឹងមគ្គផល ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាកមិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះថា យើងទាំងឡាយ នឹងដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងផង លុះដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងហើយ ក៏នឹងដើរទៅកាន់ផ្លូវប្រតិបត្តិដែលមិនមានសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។ (បិដកភាគ ២៨ ទំព័រ ១៦៣-១៦៨) ។
——————————
សូមឲ្យព្រះធម៌ដ៏បរិសុទ្ធរបស់ព្រះពុទ្ធបានប្រតិស្ថានទុកក្នុងដួងចិត្តមនុស្សគ្រប់រូប នៅក្នុងពិភពលោក ! សូមឲ្យសព្វសត្វទាំងអស់ ទទួលបានសុខសន្តិភាព !
សូមឲ្យសាសនប្បដិបត្តិ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតដល់សាធុសប្បុរស បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។ អនុមោទនា !