ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គបដិបត្តិវិបស្សនា វគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៤០ ។ នៅក្នុងពិធីនេះ មានការនិមន្ត-អញ្ជើញចូលរួមពី៖
- ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះគ្រូវិបស្សនាបញ្ញា ម៉ម ឥន្ទ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ
- ធម្មាចារិនី ឧបាសក និងឧបាសិកា ដែលជាសិក្ខាកាមមានចំនួន ១៥៣ អង្គ/នាក់ បានថ្វាយខ្លួនសមាទាន បដិបត្តិវិបស្សនាវគ្គខ្លី មានរយៈពេល ៧ ថ្ងៃ លើកទី៤០ ដោយចាប់ផ្តើមពីមពី ថ្ងៃអាទិត្យ ១០ កើត ដល់ថ្ងៃសៅរ៍ ១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នំា២០២៣ នៅសាលាវិបស្សនា (ព្រៃធុតង្គ) ។
ការបើកវគ្គបដិបត្តិវិបស្សនា វគ្គខ្លីនេះ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការចាប់ផ្តើមលើកដំបូងតាំងពីដើមឆ្នាំ២០១៥ លើកទី១ រហូតមកដល់លើកទី៤០នេះ បានប្រព្រឹត្តទៅប្រកបដោយបីតិសោមនស្សភាព ក្រោមការគ្រប់គ្រងដឹកនាំចាត់ចែងរបស់ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ និងមានការជួយឧបត្ថម្ភគាំទ្រជា “ថវិកា ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត ភេសជ្ជៈ និងសេនាសនទាន” ពីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ រួមជាមួយសប្បុរសជននានា ធ្វើឲ្យដំណើរការនៃកិច្ចបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន បានប្រព្រឹត្តទៅ គួរជាទីជ្រះថ្លាយ៉ាងក្រៃលែង ។ ការសិក្សាបដិបត្តិព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ គឺដើម្បីពង្រឹងកិច្ចបដិបត្តិ “សីល សមាធិ បញ្ញា” ទៅតាមព្រះពុទ្ធោវាទដែលព្រះពុទ្ធជិនស្រី ទ្រង់ត្រាស់សម្តែងដោយធម្មបរិយាយមានក្នុងគម្ពីរព្រះត្រៃបិដក ព្រះអដ្ឋកថា និងគម្ពីរវិសុទ្ធិមគ្គជាគោល ។ គោលបំណងនៃកិច្ចប្រណិប័តន៍ គឺដើម្បីពង្រឹងស្វ័យសិក្សា ឲ្យកាន់តែប្រសើរឡើងទាំង”គន្ធធុរៈ និងវិបស្សនាធុរៈ” ឲ្យមានគុណតម្លៃសុខដុមនីយកម្មសាសនា ធ្វើឲ្យសម្រេចបាននូវគុណធម៌ និងធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ ដូចព្រះពុទ្ធដីកាទ្រង់ត្រាស់សម្តែងក្នុងសុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្ត សទ្ធម្មប្បតិរូបកសូត្រ បិដកភាគ ៣២ ទំព័រ ១៧៦ សម្តែងថា៖ ម្នាលកស្សបធម៌ ៥ ប្រការ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ មិនវិនាស មិនសាបសូន្យ នៃព្រះសទ្ធម្មគឺ៖
១-ពួកភិក្ខុ ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរពកោតក្រែងចំពោះព្រះសាស្តា
២-ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌
៣-ជាអ្នកគោរពកោតក្រែងចំពោះព្រះសង្ឃ
៤-ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា
៥-ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ។
ដោយតេជានុភាព នៃការបើកវគ្គបដិបត្តិវិបស្សនា សូមឲ្យសាសនប្បដិបត្តិ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតដល់សាធុសប្បុរស បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។
ថ្វាយ ប្រគេន ជូន បុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !!!
ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣






