នាតិថីថ្ងៃនេះ ជាថ្ងៃច័ន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គឺជាថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបិទវគ្គបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៨ ថ្ងៃ ។ នៅក្នុងពិធីបិទវគ្គនេះ មានការនិមន្ត-អញ្ជើញពី៖
- ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះគ្រូវិបស្សនាបញ្ញា ម៉ម ឥន្ទ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ ១២៣ អង្គ
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធធម្មជោតិកធជៈ សុខ អ៉ីម
- ធម្មាចារិនី និងឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិ ចំនួន ៣០៥ នាក់ ។
ក្នុងអំឡុងពេលនៃកិច្ចបដិបត្តិវិបស្សនាកម្មដ្ឋាន គឺជាវគ្គពិសេស មានរយៈពេល ៨ ថ្ងៃនេះ ចាប់ផ្តើមពីថ្ងៃច័ន្ទ ៨ កើត ដល់ថ្ងៃច័ន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ជាថ្ងៃបិទវគ្គបញ្ចប់ និងជាថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃផងដែរ ។ ពុទ្ធមណ្ឌលបានប្រារព្ធរៀបចំឡើង ដើម្បីបានជាវត្តប្រណិប័តន៍ដ៏សុក្រឹត្យ បន្ថែមលើការបដិបត្តិដោយយកចិត្តទុកដាក់ ក្នុងវស្សានរដូវរយៈពេល ៣ ខែ ក្នុងថ្ងៃនេះ ស្ថិតក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី បានអនុញ្ញាតឲ្យយោគី ព្រះសង្ឃ សីលវន្ត សីលវតី បដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន ដែលជាបដិបទារួចផុតចាកសេចក្តីទុក្ខ និងដើម្បីលើកម្ពស់វិបស្សនាធុរៈនៅកម្ពុជា និងអនុវត្តយោងតាមសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ពង្រឹងបដិបត្តិស្វ័យសិក្សាវគ្គខ្លី-វែង មានប្រក្រតីចម្រើនព្រះកម្មដ្ឋានដោយមានឆន្ទៈ និងយោនិសោមនសិការៈបដិបត្តិដោយសទ្ធាជ្រះថ្លា និងបានយល់ច្បាស់អំពីសមាធិកម្មដ្ឋាន ។
ការបដិបត្តិវិបស្សនានេះ ដោយមានកិច្ចសហការជាមួយគណៈគ្រប់គ្រងវគ្គបដិបត្តិ គ្រូបង្គោល គ្រូបន្ទុកប្រចាំលើព្រះវិហារ ឧបដ្ឋានសាលា និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរៈក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះមន្ត្រីសង្ឃ និងមានការជួយឧបត្ថម្ភពី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ និងបានទទួលកិច្ចសហការជួយឧបត្ថម្ភ គាំទ្រ ជំនួយទេយ្យវត្ថុ ថវិកាពីសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកិច្ចបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៨ ថ្ងៃ ។
ក្នុងថ្ងៃបិទវគ្គ និងបវារណាចេញព្រះវស្សានេះផងដែរ នៅពុទ្ធមណ្ឌលមានការជួបជុំព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ លើឧបដ្ឋានសាលាក៏បានប្រារព្ធសាសនវិធីតាមលំអានព្រះពុទ្ធសាសនាមានកិច្ចនមស្ការ-សមាទានសីល វេរភត្តាហារប្រគេនព្រះសង្ឃបង្សុកូល ដារឆ្លង និងរាប់បាតប្រគេន-ជូន ព្រះសង្ឃ សីលវន្ត សីលវតី (ចំនួន ៥៣០ អង្គ/នាក់) ។
ដោយតេជានុភាពនៃការបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងថ្ងៃអស្សុជបូជា ១៥ កើត សូមទទួលបាននូវឧត្ដមមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អវសានជាតិ សូមបានជាបច្ច័យត្រាស់ដឹងនូវធម៌ រួចចាកទុក្ខទាំងពួង ។
ថ្វាយ ប្រគេន ជូនបុណ្យ ធម្មមិត្តគ្រប់រូប ! អនុមោទនា !