ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តសម្តែងព្រះធម៌ទេសនា
ពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តប្រាសាទស្រះកណ្តាល (ខ្ចាស់)
━━━━━━━━✥◈✥━━━━━━━━
ខេត្តបន្ទាយមានជ័យ នារសៀល,ថ្ងៃអង្គារ៍ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ព្រះសាសនមុនី មហាកម្មដ្ឋានចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តសម្តែងព្រះធម៌ទេសនា កម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។ ពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ ជាទំនៀមអ្នកកាន់ព្រះពុទ្ធសាសនា នៅពេលដែលវត្តបានកសាងសំណង់ព្រះវិហារ ឬរោងឧបោសថាគាររួចហើយ ក៏បានរៀបចំប្រារព្ធពិធីបុណ្យសម្ពោធឆ្លង ការបញ្ចុះសីមាតាមបណ្តាវត្តអារាមនៃព្រះពុទ្ធសាសនានៅកម្ពុជា មានភាពអធិកអធម្ម ញ៉ាំងពុទ្ធបរិស័ទនៃទីអារាមនោះ មានបីតិបាមោជ្ជ មោទកភាព និងត្រេកអរអនុមោទនាផលានិសង្ស នៃសំណង់ព្រះវិហារសេនាសនទានសម្រាប់ព្រះសង្ឃបដិបត្តិ អនុវត្តភារកិច្ចសង្ឃកម្មស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ក្នុងវិនយកម្មរបស់ភិក្ខុសង្ឃ ។
តាមការពិនិត្យអង្កេត ការប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា អនុវត្តទៅតាមសភាពជាក់ស្តែងនៃទីអារាម និងលទ្ធភាព បរិបទសង្គម តាមសម័យកាលរីកចម្រើនរបស់ប្រទេសជាតិ និងទ្រឹស្តីនៃពុទ្ធវចនៈ ដែលព្រះពុទ្ធជិនស្រីទ្រង់បានត្រាស់សម្តែង យកមកឆ្លុះបញ្ចាំ ដើម្បីអបអរសាទរការទទួលសមិទ្ធផលថ្មី ដែលបានកសាងរួចជាស្ថាពរ នឹងសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងជាកន្លែងធ្វើសង្ឃកម្មមាន៖ បព្វជ្ជាកម្ម ឧបសម្បទាកម្ម កឋិនកម្ម ឧបាសថកម្ម បវារណាកម្ម ជាដើម ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិទុកឲ្យភិក្ខុសង្ឃប្រតិបត្តិឲ្យបានត្រឹមត្រូវ និងតាមព្រះធម៌វិន័យទៀតផង ។
ដោយតេជានុភាព នៃធម្មទាន ដែលព្រះសាសនមុនី ប្រទានធម្មីកថា ក្នុងវរោកាសនេះ សូមឧទ្ទិសផ្សាយនូវបុណ្យកុសលជូនដល់សព្វសត្វ សូមបានចំណែកនៃបុណ្យស្មើៗគ្នា និងបានជាបច្ច័យរួចចាកទុក្ខទាំងពួង ៕
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមជ្រះថ្លាត្រេកអរអនុមោទនាបុណ្យ !