រាជធានីភ្នំពេញ នារសៀលអង្គារ៍ ៥ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តចូលរួមពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សអំន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅក្នុងពិធីបិទនេះ មានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេច ព្រះរាជាគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានានា ដែលមានវត្តមាននៅកម្ពុជា និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សរុបប្រមាណចំនួន ៤៥០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខ ។
ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ បានខិតខំពិភាក្សាពិគ្រោះ និងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុលផុស លើចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល នៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារ នាពេលបច្ចុប្បន្ន ព្រមទាំងលើកទិសដៅ អនុវត្តនាពេលអនាគត ដោយឆន្ទៈប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ ។ ទន្ទឹមនឹងនេះដែរ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣០នេះ ក៏បានដាក់ចេញនូវសង្ឃប្រកាសចំនួន ២ ច្បាប់គឺ៖
១-សង្ឃប្រកាសរបស់គណៈមហានិកាយ
២-សង្ឃប្រកាសរបស់គណៈធម្មយុត្តិកនិកាយ ។
ការដាក់ចេញនូវសង្ឃប្រកាសទាំងពីរគណៈ ក្នុងទិសដៅដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការប្រតិបត្តិព្រះធម៌ព្រះវិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់គួរជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖