នាព្រឹកថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីបំបួសកុលបុត្រចំនួន ២៣ រូប ដែលមានព្រះវត្តមានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រភាវៈជាសាមណេរ និងឧបសម្បទាជាភិក្ខុភាវៈក្នុងសាសនមណ្ឌលនេះ ដែលមានព្រះវត្តមាន-វត្តមាន ព្រះអនុប្រធាន ព្រះមន្ត្រីសង្ឃ មាតាបិតាអាណាព្យាបាលកុលបុត្រ សីលវន្ត សីលវតី និងញាតិញោមពុទ្ធបរិស័ទជាច្រើនរូបផងដែរ ។
បព្វជ្ជា ឬការបួសនេះមាន ២ ប្រការគឺ៖
១-ពាហិរប្បព្វជ្ជា ការបួសតាមលទ្ធិក្រៅពីព្រះពុទ្ធសាសនា ដូចយ៉ាងបួសជា តាបស ឥសី បរិព្វាជក និគ្រន្ថ តិរ្ថិយ ជាដើម ជាកម្មវាទី ប្រកាន់ជឿថាមានកម្មនឹងផលនៃកម្មក៏មាន, ជាអធម្មវាទី ប្រកាន់ជឿថា ឥតមានកម្ម នឹងផលនៃកម្មក៏មាន ។
២-ពុទ្ធសាសនប្បព្វជ្ជា ការបួសតាមព្រះពុទ្ធសាសនា គឺបួសជាសាមណេរ រួចហើយទើបសូមឧបសម្បទាបំពេញផ្នួសជាភិក្ខុជាខាងក្រោយ តាមធម៌វិន័យរបស់ព្រះពុទ្ធជាបរមគ្រូនៃយើង ។
ការចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺដោយអាស្រ័យសទ្ធា និងឆន្ទៈ ក្នុងការប្រព្រឹត្តប្រណិប័តន៍ តាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធជិនស្រី មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យ នេះជាសមណូបនិស្ស័យដ៏ប្រពៃខ្ពង់ខ្ពស់ ។ អ្នកបួសក្នុងព្រះពុទ្ធសាសនាមានធុរៈពីរយ៉ាង ដែលត្រូវប្រតិបត្តិរាល់ថ្ងៃ ឬហៅថាជាវត្តបទគឺ៖
១-គន្ថធុរៈ បានដល់សិក្សារៀនសូត្រ គម្ពីរបាលី បរិយត្តិធម៌ គឺរៀនភាសាបាលី វេយ្យាករណ៍បាលីត្រូវការទន្ទេញឱ្យចាំចេះស្ទាត់ មាត់ត្រូវប្រព្រឹត្តឱ្យធ្ងន់ពោល គឺឥរិយាបថទាំង ៤ ផ្តោតតែលើការទន្ទេញឱ្យរត់មាត់ជាការចាំបាច់ណាស់ ហើយបន្ទាប់ពីចេះចាំស្ទាត់ហើយ ក៏ចាប់ផ្តើមពិនិត្យឈ្វេងយល់ន័យសេចក្តីជ្រៅរាក់បានដល់វិបស្សនា
២-វិបស្សនាធុរៈ ប្រតិបត្តិសមាធិអប់រំកាយ វាចា ចិត្ត ពិចារណាអសុភកម្មដ្ឋានទាំង ១០ សង្រួមឥន្ទ្រិយឱ្យបានល្អ នេះជាកិច្ចរបស់អ្នកបួស តែការធ្វើវិបស្សនាបានជោគជ័យ ក៏ប្រព្រឹត្តព្រមដោយសប្បាយទាំង៧ផងដែរ ទើបទទួលបានផលល្អ ។
ជីវិតរបស់អ្នកបួស ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀបទៅនឹងបក្សី ដែលមានតែស្លាបមួយគូ នឹងទៅណា ពេលណា ក៏រមែងទៅបាន ។ បើបព្វជិតទាំងឡាយ ប្រព្រឹត្តប្រណិប័តន៍ល្អ តាំងចិត្តសិក្សាហ្វឹកហាត់អប់រំក្នុងព្រះធម៌វិន័យ ចម្រើនក្នុងសីល សមាធិ បញ្ញា ក៏សម្រេចបាននូវខ្លឹមសារនៃការបួស គឺដើម្បីរួចផុតចាកទុក្ខ ហើយក៏បានសម្រេចនៅក្នុងទិសដៅ ៣ ប្រការគឺ៖
១-មានផលដល់ព្រះពុទ្ធសាសនាក្នុងការសិក្សាប្រណិប័តន៍ ទ្រទ្រង់ និងផ្សព្វផ្សាយ បន្តតំណវង្សអាយុកាលពុទ្ធសាសនា
២-មានផលដល់សង្គមជាតិ និងពិភពលោក
៣-មានផលដល់មាតាបិតា និងក្រុមញាតិព្រៀងលានផងដែរ ។
ដោយគុណានុភាពនៃគុណព្រះរតនត្រ័យ ដែលកុលបុត្របានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះពុទ្ធសាសនាជាធម្មទាយាទ សមណូបនិស្ស័យជាបច្ច័យសម្រេចនូវលោកុត្តរសម្បត្តិ និងសូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរអង្វែង សូមឲ្យលោកទាំងមូលបានសុខសន្តិភាពសុខដុមនីយកម្មតរៀងទៅ ៕ សូមអនុមោទនា បព្វជ្ជា និងឧបសម្បទា សាធុ សាធុ សាធុ !