ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និមន្តទទួលភត្តខួប
អាពាហ៍ពិពាហ៍ ៣៣ ឆ្នាំ លោក វ៉ូ វណ្ណា និងលោកស្រី លាង ស្រី
━━━━━━━━━✥◈✥━━━━━━━━━
នាព្រឹកថ្ងៃពុធ ៧ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៣
លោក វ៉ូ វណ្ណា លោកស្រី លាង ស្រី ព្រមទាំងបុត្រ និងក្រុមញាតិ បានប្រារព្ធភត្តគម្រប់ខួប ៣៣ ឆ្នាំ នៃចំណងដៃអាពាហ៍ពិពាហ៍ អញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នឹងបាននាំមកនូវទេយ្យទានជាច្រើនមានអង្គរ ទឹកសុទ្ធ ភេសជ្ជៈ ចង្ហាន់បិណ្ឌបាត ដើម្បីនិមន្តព្រះសង្ឃចម្រើនស្វាធ្យាយព្រះបរិត្តសូត្រ និងវេរសង្ឃតាទក្ខិណាទានប្រគេនដល់ព្រះសង្ឃ មានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃ និងបានរាប់បាតភត្តថ្ងៃត្រង់ ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ចំនួន ៤០០ អង្គ/នាក់ ដែលកំពុងគង់ស្នាក់នៅសំណាក់សិក្សាបដិបត្តិ ទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈនៅកម្ពុជា ។
នៅក្នុងពុទ្ធវចនៈ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងក្នុងអនុបុព្វីកថា អំពីទានទុកជាមុន ហើយទ្រង់សំដែងអំពីសីល ឋានសួគ៌ កាមាទីនវៈ និងនេក្ខម្ម តាមលំដាប់ ។ ដូចម្ដេច ទើបទ្រង់សំដែងអំពីទានជាមុន ? ព្រោះទ្រង់ទតឃើញនិស្ស័យរបស់មនុស្ស ដែលចាប់អារម្មណ៍លើទ្រព្យសម្បត្តិ ដែលសុខចិត្តរស់នៅជាមួយទ្រព្យ ដែលនឹកថាជីវិតខ្ពង់ខ្ពស់ដោយសារទ្រព្យជាដើម ក្នុងធម៌ទេសនានោះ ព្រះអង្គទ្រង់ណែនាំឲ្យមនុស្សលះបង់ទ្រព្យសម្បត្តិ ធ្វើអំណោយទានមានវនិព្វកៈ សមណព្រាហ្មណ៍ជាដើម និងចិញ្ចឹមមនុស្សដែលត្រូវចិញ្ចឹមមានមាតាបិតា ភរិយា ស្វាមី បុត្រធីតាជាដើម ។
ជាពិសេសជាងនេះទៅទៀត ព្រះអង្គទ្រង់ពន្យល់ថា ទ្រព្យសម្បត្តិ គេមិនត្រូវស្រឡាញ់ជាប់ចិត្ត ទាល់តែចាយមិនកើតទេ។ មានទ្រព្យសម្បត្តិត្រូវតែចាយវាយឲ្យមានប្រយោជន៍ជួយដល់សង្គមជាតិ និងសាសនា ធ្វើជាមនុស្សត្រូវតែជាចៅហ្វាយរបស់ទ្រព្យសម្បត្តិ ហើយត្រូវបំពេញមុខងាររបស់ខ្លួនដោយទ្រព្យសម្បត្តិ ព្រោះបុគ្គលគ្រប់រូប មិនអាចពាំនាំយកទ្រព្យសម្បត្តិទៅជាមួយខ្លួនបានទេ ពេលអត្តភាពបែកធ្លាយចាកលោកនេះទៅ ។
នេះសបញ្ជាក់ឲ្យយើងឃើញថា ព្រះពុទ្ធបរមគ្រូទ្រង់បានគិតដល់ជីវភាពរបស់មនុស្សជាដំបូង ទើបព្រះអង្គទ្រង់សម្ដែងអំពីទានមុនអនុព្វីកថាដទៃៗ។ អាស្រ័យដោយញាណទស្សនៈ បែបនេះហើយ ទើបព្រះសាស្ដា ទ្រង់ប្រទានពុទ្ធភាសិតថា៖
អាទិត្តស្មឹ អគារស្មឹ យំ នីហរតិ ភាជនំ តំ
តស្ស ហោតិ អត្ថាយ នោ ច យំ តត្ថ ឧយ្ហតិ។
ឯវមេទិត្តតោ លោកោ ជរាយ មរណេន ច
និហរេថេវ ទានេន ហោតិ សុនីកតំ ។
កាលភ្លើងឆេះផ្ទះ បុគ្គលនាំយកភាជនៈណាចេញបាន ភាជនៈនោះរមែងជាប្រយោជន៍របស់គេ។ ចំណែកភាជនៈដែលនាំចេញមិនបាន ក៏ត្រូវភ្លើងឆេះក្នុងផ្ទះនោះ យ៉ាងណា, សត្វលោកដែលត្រូវ(ភ្លើង) ជរា និងមរណៈឆេះក៏យ៉ាងនោះបុគ្គលគួរនាំយករបស់ខ្លួនចេញ ដោយការឲ្យទាន របស់ដែលគេបានឲ្យទានហើយ ឈ្មោះថា គេបាននាំចេញទៅដោយល្អ។
សេចក្ដីនេះបំភ្លឺថា រូបកាយមនុស្សយើងប្រៀបដូចផ្ទះ ចិត្តរបស់មនុស្សយើងប្រៀបដូចបុគ្គលដែលនៅក្នុងផ្ទះ ទ្រព្យសម្បត្តិរបស់យើងប្រៀបដូចជាភាជនៈនៅក្នុងផ្ទះ។ កាលភ្លើងឆេះផ្ទះម្ចាស់ផ្ទះជញ្ជូនចេញនូវរបស់ណាបាន របស់នោះក៏ជាប្រយោជន៍របស់គេ។ ចំណែករបស់ដែលយកមិនបាន ក៏ត្រូវជាចំណីភ្លើង។ យ៉ាងណាមិញ ទ្រព្យសម្បត្តិរបស់យើង កាលណារូបកាយរបស់យើងត្រូវភ្លើង គឺជរា និងមរណៈឆេះ ប្រសិនបើយើងមិនបាននាំចេញដោយការឲ្យទានទេ ដូចជាភាជនៈដែលត្រូវភ្លើងឆេះអស់ មិនមានប្រយោជន៍ដល់ម្ចាស់ផ្ទះ។ ចំណែកទ្រព្យសម្បត្តិដែលយើងបានធ្វើទានជាស្រេចហើយនោះ រមែងជាប្រយោជន៍ដល់យើងទៅអនាគត ដូចជាភាជនៈដែលគេយកចេញពីផ្ទះភ្លើងឆេះបានដូច្នោះ។ ។
ដោយតេជានុភាព នៃអាមិសទាន ដែលលោក និងលោកស្រី ព្រមទាំងក្រុមញាតិ បានប្រារព្ធខួបអាពាហ៍ពិពាហ៍ បំពេញវត្តប្រណិប័តន៍ដោយការឲ្យទានដ៏ប្រណិតថ្លៃថ្លាក្នុងឱកាសនេះ សូមមានសុខភាពល្អ រកទទួលទានមានបានក្នុងដំណើរជីវិត មានលាភ តេជៈ ចម្រើនបុណ្យកុសលតម្កល់ក្នុងព្រះពុទ្ធសាសនា និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជ្រះថ្លាអនុមោទនា ដោយសោមនស្សភាព !