━━━━━━✥◈✥━━━━━━
នាព្រឹកថ្ងៃច័ន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រជាសាមណេរ ៦ អង្គ និងឧបសម្បទាភជាភិក្ខុភាវ ៣ អង្គ (សរុបចំនួន ៩ អង្គ) នៅពទ្ធសីមាពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងការបំបួសកុលបុត្រ និងឧបសម្ប័ទនេះ បព្វជ្ជា ការបួសមាន ២ ប្រភេទគឺ÷
១- ពាហិរប្បព្វជ្ជា ការបួសតាមលទ្ធិក្រៅពីព្រះពុទ្ធសាសនា ដូចយ៉ាងបួសជា តាបស ឥសី បរិព្វាជក និគ្រន្ថតិរ្ថិយ ជាដើម ជាកម្មវាទី ប្រកាន់ជឿថា មានកម្មនឹងផលនៃកម្មក៏មាន, ជាអធម្មវាទី ប្រកាន់ជឿថា ឥតមានកម្ម នឹងផលនៃកម្មក៏មាន។
២- ពុទ្ធសាសនប្បព្វជ្ជា ការបួសតាមព្រះពុទ្ធសាសនា គឺបួសជាសាមណេរ ឬសាមណេរីរួចហើយទើប
សូមឧបសម្បទាបំពេញផ្នួសជាភិក្ខុ ឬជាភិក្ខុនីតទៅទៀត (តាមធម៌វិន័យរបស់ព្រះ)។
ឧបសម្បទា ការបំពេញផ្នួសជាភិក្ខុ ឬភិក្ខុនី មាន ៨ យ៉ាងគឺ:
១- ឯហិភិក្ខូបសម្បទា ការបួសជាភិក្ខុដោយ
ត្រឹមតែព្រះពុទ្ធវាចាថា ឯហិភិក្ខុ “អ្នកចូលជាភិក្ខុមក !…” តែប៉ុណ្ណេះក៏បានឡើងជាភិក្ខុភាវៈ ។
២- សរណគមនូបសម្បទា ការបួសជាភិក្ខុដោយត្រឹមតែព្រះថេរៈអ្នកបំបួសប្រាប់ព្រះត្រៃសរណគមន៍ឲ្យថាតាមប៉ុណ្ណោះ ក៏បានឡើងជាភិក្ខុភាវៈ។
៣- ឱវាទប្បដិគ្គហណូបសម្បទា ការបួសជាភិក្ខុដោយត្រឹមតែទទួលគោរពតាមព្រះបរមពុទ្ធោវាទ
ប៉ុណ្ណោះ ហើយព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យបានជាភិក្ខុភាវៈ (ចំពោះឧបសម្បទានៃព្រះមហាកស្សបត្ថេរ)។
៤- បញ្ហាព្យាករណូបសម្បទា ការបួសជាភិក្ខុដោយត្រឹមតែការដោះស្រាយបញ្ហាដែលព្រះសព្វញ្ញុពុទ្ធទ្រង់សួរប៉ុណ្ណោះ ក៏បានឡើងជាភិក្ខុភាវៈ (ចំពោះឧបសម្បទានៃសោបាកសា-មណេរមានអាយុ ៧ ឆ្នាំ ដែលបានដោះស្រាយពុទ្ធបញ្ហាទាក់ទងដោយ អសុភ ១០ ដែលជាវិស័យនៃសព្វញ្ញុតញ្ញាណ ហើយព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យឡើងជាភិក្ខុ)។
៥- អដ្ឋគរុធម្មប្បដិគ្គហណូបសម្បទា ការបួសជាភិក្ខុនីដោយត្រឹមតែការទទួលកាន់គរុធម៌ ៨
ប្រការសម្រាប់ភិក្ខុនីប៉ុណ្ណោះ ហើយព្រះសម្ពុទ្ធក៏ទ្រង់អនុញ្ញាតឲ្យបានជាភិក្ខុនី (ចំពោះឧបសម្បទានៃព្រះនាងមហាបជាបតិគោតមី ពុទ្ធមាតុច្ឆា)។
៦- ទូតេនូបសម្បទា ការបួសជាភិក្ខុនី ដោយត្រឹមតែការប្រើបម្រើទៅប្រាប់ប៉ុណ្ណោះ ព្រះសម្ពុទ្ធ ក៏ទ្រង់
អនុញ្ញាតឲ្យបានជាភិក្ខុនី (ចំពោះឧបសម្បទានៃស្ដ្រីគណិកាឈ្មោះអឌ្ឍកាសី។
៧- អដ្ឋវាចិកូបសម្បទា ការបួសជាភិក្ខុនី ដោយកម្មវាចា ៨ គឺខាងភិក្ខុនីសង្ឃសូត្រញត្តិ ចតុត្ថកម្មវាចា ១
លើក ខាងភិក្ខុសង្ឃសូត្រញត្តិចតុត្ថកម្ម ១ លើក រួមជា ២ លើក ត្រូវជាកម្មវាចា ៨ សង្កាត់(ហៅថា ឧភតោ ឧបសម្បន្នា មានសិទ្ធិខ្ពស់ជាងភិក្ខុនី ឯកតោ ឧបសម្បន្នា។
៨- ញត្តិចតុត្ថកម្មូបសម្បទា ការបួសជាភិក្ខុ ឬភិក្ខុនី ដោយការសូត្រញត្តិចតុត្ថកម្មចប់ស្រេចគឺសូត្រញត្តិ
១ ចប់ សូត្រអនុស្សាវនា ៣ ចប់។ (ភិក្ខុនីដែលបួសដោយវិធីញត្តិចតុត្ថកម្មូបសម្បទា បែបនេះហៅថា ឯកតោ ឧបសម្បន្នា )។
(ឯកសារ សម្ដេច ជួន ណាត ព.ស.២៥០០)។
ក្រោយពីពិធីបំបួស និងឧបសម្ប័ទរួចមក ព្រះសាសនមុនី ក៏បានប្រទានឱវាទផ្តាំផ្ញើដល់នវសាមណេរ-ភិក្ខុ ដែលទើបបួសថ្មី ត្រូវមានវត្តប្រណិប័តន៍សិក្សារៀនសូត្រ ទ្រទ្រង់ បដិបត្តិតាមព្រះពុទ្ធវចនៈឲ្យបានផូរផង់ប្រច័ក កុំបួសគ្រាន់តែចិញ្ចឹមជីវិត ត្រូវមានយោនិសោមនសិការ សតិ សម្បជញ្ញៈ ហិរិ និងឱត្តប្បៈ កិច្ចដែលអាត្មាបួសនេះ គឺត្រូវសិក្សាត្រៃសិក្ខា សីល សមាធិ បញ្ញា និងត្រូវគោរពប្រណិប័តន៍ចំពោះគ្រូឧបជ្ឈាយាចារ្យ និងឧបសម្បទាចារ្យ ព្រះថេរានុត្ថេរៈតាមលំដាប់វស្សាផងដែរ ។
សូមថ្វាយ-ប្រគេន-ជូនបុណ្យបំបួសកុលបុត្រ និងឧបសម្បទាដល់ធម្មមិត្តគ្រប់រូប និងសព្វសត្វ បានជាបច្ច័យរួចចាកទុក្ខ អវសានជាតិ សូមបានដល់នូវព្រះនិព្វាន ។ អនុមោទនា សាធុ សាធុ សាធុ !