ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបិទវគ្គបដិបត្តិវិបស្សននាវគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៤១
━━━━━━━━✥◈✥━━━━━━━━
ពិធីបើកវគ្គបដិបត្តិវិបស្សននាវគ្គខ្លី រយៈពេល ៧ ថ្ងៃ រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅខាងលិចជើងភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលបានដំណើរការរអស់យៈពេល ៧ ថ្ងៃកន្លងមកនេះ បានប្រារព្ធពិធីបិទវគ្គ នាព្រឹកថ្ងៃសុក្រ ២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រោមព្រះអធិបតីភាព ព្រះសាសនមុនី មហាកម្មដ្ឋានចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការនិមន្ត-អញ្ជើញចូលរួមពី៖
– ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
– ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ
– ធម្មាចារិនី ឧបាសក និងឧបាសិកា ដែលជាសិក្ខាកាមមានចំនួន ១៦៨ អង្គ/នាក់ បានថ្វាយខ្លួនសមាទាន បដិបត្តិវិបស្សនាវគ្គខ្លី មានរយៈពេល ៧ ថ្ងៃ លើកទី៤១ ដោយចាប់ផ្តើមពី ថ្ងៃសៅរ៍ ១១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នំា២០២៣ ដល់ថ្ងៃសុក្រ ២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នំា២០២៣ ជាថ្ងៃបិទវគ្គបញ្ចប់កិច្ចបដិបត្តិ ស្ថិតក្រោមបរិយាកាសបីតិសោមនស្សភាពជ្រះថ្លាក្នុងព្រះធម៌ដ៏ក្រៃលែង ។
ក្នុងអំឡុងពេលនៃកិច្ចបដិបត្តិវិបស្សនាកម្មដ្ឋាន រយៈពេល ៧ ថ្ងៃនេះ បានប្រព្រឹត្តទៅប្រកបដោយបីតិសោមនស្សភាពជ្រះថ្លាដ៏ក្រៃលែង ក្នុងនាមគណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ មហាឧបាសិកា មហាឧបាសក ឯកឧត្តម លោកជំទាវ លោក លោកស្រី សីលវន្ដ សីលវតី ឧបាសក ឧបាសិកា សាមីបដិបត្តិគ្រប់រូប និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកិច្ចបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ សូមមានសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អវសានជាតិ សូមបានជាបច្ច័យត្រាស់ដឹងនូវធម៌ រួចចាកទុក្ខទាំងពួង ។
ថ្វាយ ប្រគេន ជូនបុណ្យ ធម្មមិត្តគ្រប់រូប ! អនុមោទនា !