ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
ធ្វើបទបង្ហាញអំពី៖ អានាបាណៈ-សមថ-វិបស្សនាកម្មដ្ឋាន និងចរិយាសម្បត្តិ
ដល់សិក្សាកាមយោគី នៃវគ្គបណ្តុះបណ្តាលវិក្រិត្យការគរុកោសល្យវិបស្សនា
ថ្ងៃអង្គារ៍ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
━━━━━━━✥◈✥━━━━━━━
ធម្មចរិយា កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរជាមង្គលដ៏ឧត្តម
នៅក្នុងមង្គលសូត្រទី១៦ ព្រះបរមសាស្តាត្រាស់សម្តែងថា ធម្មចរិយា កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរជាមង្គលដ៏ឧត្តម ។
ធម្មចរិយាក្នុងទីនេះបានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១ កិរិយាមិនលួចប្លន់១ កិរិយាមិនប្រព្រឹត្តល្មើសក្នុងកាមតណ្ហា១ កិរិយាមិនកុហកឆបោកកេងប្រវ័ញ្ច១ កិរិយាមិនពោលពាក្យញុះញង់ អុជអាល បំបែកបំបាក់១ កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១ កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១ កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១ កិរិយាមិនគុំកួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវ គឺយល់ថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និងលោកិយ១ ។
កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់ ហើយប្រព្រឹត្តឱ្យបានត្រឹមត្រូវតាមធម៌ទាំង១០ប្រការនេះ ជាមង្គលដ៏ឧត្តម ។
ពាក្យថា ព្រហ្មចរិយៈ ឬព្រហ្មចរិយធម៌ប្រែថា បែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។
បើតាមន័យខាងព្រះពុទ្ធសាសនាការឱ្យទាន ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល ការរក្សាសីល៥ សីល៨ ការចម្រើនព្រហ្មវិហារធម៌៤ ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត កុំរុកកួនគ្នា កុំបៀតបៀនគ្នា កុំពោលពាក្យចាកដោតគ្នាកុំញុះញង់គ្នា ការវៀរចាកមេថុនធម្ម សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល ការរក្សាឧបោសថសីល តាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ ឬហៅថាព្រហ្មចរិយធម៌ ។
ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃ រាល់យប់គ្រប់វេលា គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺ ប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិចឬច្រើនកុំឱ្យខកខានខូចវេលា។
ធ្វើទានសីលភាវនាដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរមលោកក្សេមផុតចាកទុក្ខទាំងពួង ។




























