នាព្រឹកថ្ងៃសៅរ៍ ១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ៖
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបិទវគ្គបដិបត្តិវិបស្សនា វគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៤០ ។ នៅក្នុងពិធីនេះ មានការនិមន្ត-អញ្ជើញពី៖
- ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះគ្រូវិបស្សនាវង្សា ងិន ចន្ទសារូ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះគ្រូវិបស្សនាបញ្ញា ម៉ម ឥន្ទ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ
- ធម្មាចារិនី និងឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិ ចំនួន ១៥៣ អង្គ/នាក់ ។
ក្នុងអំឡុងពេលនៃកិច្ចបដិបត្តិវិបស្សនាកម្មដ្ឋាន រយៈពេល ៧ ថ្ងៃនេះ គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ មហាឧបាសិកា មហាឧបាសក ឯកឧត្តម លោកជំទាវ លោក លោកស្រី សីលវន្ដ សីលវតី ឧបាសក ឧបាសិកា សាមីបដិបត្តិគ្រប់រូប និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកិច្ចបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ សូមមានសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អវសានជាតិ សូមបានជាបច្ច័យត្រាស់ដឹងនូវធម៌ រួចចាកទុក្ខទាំងពួង ។
ថ្វាយ ប្រគេន ជូនបុណ្យ ធម្មមិត្តគ្រប់រូប ! អនុមោទនា !