ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន និមន្តជាអធិបតីភាពពិធីបើកវគ្គបដិបត្តិធុតង្គ
រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━━✥◈✥━━━━━━━
នាល្ងាចថ្ងៃអង្គារ៍ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធកម្មវិធីបើកបដិបត្ដិសមាទានធុតង្គវត្ត មានរយៈពេល ១០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ៍ ៩ កើត ដល់ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នំា២០២៣ ។
- ក្រោមអធិបតីភាពរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងពិធីនេះ ក៏មានការនិមន្ត-អញ្ជើញចូលរួមពី៖ - ព្រះអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ និងព្រះសង្ឃជាសិក្ខាកាមយោគីបដិបត្តិធុតង្គជាចំនួន ២០០ អង្គ
- អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
- មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សីលវន្ដ សីលវតី ឧបាសក និងឧបាសិកា ។
ថ្ងៃនេះ គឺជាទិវាប្រកបដោយមហានក្ខត្តឫក្ស និងពោរពេញដោយមនោសញ្ចេតនាជ្រះថ្លាក្នុងព្រះធម៌ដ៏ក្រៃលែង ដោយព្រះ-សង្ឃ សីលវន្ដ សីលវតី ចំនួន៨៥០អង្គ/នាក់ បានតម្កល់ចិត្ដយ៉ាងមាំក្នុងការលះបង់ទាំងពេលវេលា កាតព្វកិច្ច ភារកិច្ច និងការប្រកបអាជីវកម្មសម្រាប់ជីវិតតែម្យ៉ាង បានថ្វាយខ្លួនចំពោះព្រះរតនត្រៃ ភ្ជាប់និស្ស័យសមាទាននូវវត្ដបដិបត្ដិតាមមាគ៌ារបស់ព្រះបរមសាស្ដាចារ្យចរិយាវង្ស ប្រកាន់យកការបដិបត្ដិដ៏សុក្រឹតឲ្យឈ្មោះថា វត្ដបដិបត្ដិធុតង្គ ដែលមានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ ៩ កើត ដល់ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នំា២០២៣ បានតាំងព្រះទ័យយ៉ាងមាំ ដើម្បីកំចាត់បង់នូវអកុសលមូលទាំងឡាយមានលោភជាដើម សន្សំនូវអារម្មណ៍ជាសុខតែម្យ៉ាង សម្រាប់ពេលបច្ចុប្បន្ន និងតម្រង់ចិត្ដឆ្ពោះទៅកាន់អនាគត រហូតដល់បរមសុខតែមួយឥតកែប្រែ ពោលគឺព្រះនិព្វាន។ ម្យ៉ាងវិញទៀត ការបដិបត្ដិនេះក្នុងគោលបំណងលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ តម្លៃព្រះពុទ្ធសាសនា របស់ព្រះសម្ពុទ្ធជាអម្ចាស់នៃយើងទាំងអស់គ្នា ដើម្បីធ្វើឲ្យការបដិត្ដិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលនេះកាន់តែប្រសើរឡើង ទាំងគន្ធធុរៈ និងវិបស្សនាធុរៈ។
ដោយតេជានុភាព នៃការបើកវគ្គបដិបត្តិសទានធុតង្គ រយៈពេល ១០ ថ្ងៃ សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។
សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរអង្វែង ។
សូមប្រគេនព្រះពរ ព្រះសាសនមុនី ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសីលវន្ដ សីលវតី ដែលបានរៀបចំព្រះកាយពល និងកម្លាំងស្មារតី ដើម្បីសមាទាននូវការបដិបតិ្ដធម៌ដ៏ប្រសើរថ្លៃថ្លា រយៈពេល ១០ ថ្ងៃនេះ សូមឲ្យអប្បច្ឆិតាគុណ និងសន្ដុដ្ឋិតាគុណកើតមានប្រាកដ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលកើតមានដល់ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកា និងភ្ញៀវកិត្តិយសទាំងអស់ សមប្រកបជួបប្រទះនូវឧត្ដមពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !