អ្នកប្រាថ្នានូវប្រយោជន៍ គួរព្យាយាមក្នុងព្រះសទ្ធម្ម
——————————————————–
ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយជាច្រើន បានពោលហើយថា ធ្វើនូវសេចក្តីអន្តរាយដល់បុគ្គល ព្រះតថាគតទាំងឡាយ ទ្រង់កើតឡើង ក្នុងលោកម្តងៗ ការកើតឡើង នៃព្រះតថាគតទាំងឡាយណា ដែលសត្វបានដោយកម្រក្រៃពេក ក្នុងលោក ការកើតឡើងនៃព្រះតថាគតទាំងឡាយនោះ ក៏កើតចំពោះមុខហើយ ការបានអត្តភាពជាមនុស្សផង ការសំដែងនូវព្រះសទ្ធម្មផង (ក៏បានកើតចំពោះមុខហើយ) ជនអ្នកមានសេចក្តីប្រាថ្នានូវប្រយោជន៍ គួរព្យាយាមក្នុងព្រះសទ្ធម្មនោះ។
បុគ្គលគប្បីដឹងច្បាស់ នូវព្រះសទ្ធម្មដោយហេតុដូចម្តេច ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈកន្លងហើយ រមែងសង្រេងសង្រៃក្នុងនរកត្រៀបត្រា។ បើបុគ្គលណា ក្នុងលោកនេះ ញុំាងសេចក្តីកំណត់នូវព្រះសទ្ធម្ម គឺអរិយមគ្គ មិនឲ្យសម្រេចទេ បុគ្គលនោះ ជាអ្នកកន្លងបង់នូវប្រយោជន៍ រមែងសង្រេងសង្រៃ អស់រាត្រីយូរ ដូចជាពាណិជ ដែលកន្លងបង់នូវប្រយោជន៍ ដូច្នោះដែរ សត្វដែលអវិជ្ជា រួបរឹតហើយ មិនញុំាងព្រះសទ្ធម្មឲ្យសម្រេចបាន គង់នឹងត្រឡប់មកកាន់សង្សារ គឺការកើត និងការស្លាប់ អស់កាលដ៏យូរ ។ (បិដកភាគ ៤៨ ទំព័រ ១៤២-១៤៣)
កិច្ចសម្ភាសន៍បុច្ឆា-វិសជ្ជនាអំពីសភាវធម៌ (រៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃសុក្រ) និមន្តចូលរួមបកស្រាយដោយ៖ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ។
ដោយតេជៈ នៃព្រះធម៌ដ៏បរិសុទ្ធ សូមឲ្សសព្វសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមឲ្យបានតែសេចក្តីសុខ ឲ្យប្រាសចាកទុក្ខ កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឲ្យមានអាយុវែង កុំឲ្យមានរោគ សូមឲ្យបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួនឲ្យជាសុខរៀងទៅ ។





