ពិធីពូនភ្នំខ្សាច់ ស្រង់ទឹកស្រោចស្រពព្រះសុគន្ធវារីព្រះពុទ្ធបដិមា វេរភត្តាហារ ប្រគេនព្រះសង្ឃ បង្សុកូល និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាតឆ្លងពិធីបុណ្យចូលឆ្នាំថ្មី
━━━━━━━━━✥◈✥━━━━━━━━━
នាព្រឹកថ្ងៃអាទិត្យ ១១ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ជាទិវាមហានក្ខត្តប្ញក្ស ប្រកបដោយបុញ្ញាភិសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចូលឆ្នាំថ្មី ថ្ងៃទី៣ ថ្ងៃឡើងស័ក ជាទំនៀមប្រពៃណីជាតិខ្មែរ តែងប្រារព្ធធ្វើឡើង ដូចបណ្តាជាតិសាសន៍ដទៃផងដែរ គ្រាន់តែគេនិយមកំណត់កាលបរិច្ឆេទ នៃការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ ដោយឡែកប្រទេសកម្ពុជាយើង ក៏បានកំណត់យករយៈពេល ៣ ថ្ងៃ គឺនៅពាក់កណ្តាលនៃខែមេសា (ថ្ងៃទី១៤-១៥-១៦) ជារៀងរាល់ឆ្នាំពុំដែលខានឡើយ ។




នាឱកាសថ្ងៃឡើងស័កនេះផងដែរ ក្រោមការគ្រប់គ្រងដឹកនាំរបស់សាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្តកណ្តាល មានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីមន្ទីរអង្គភាពជុំវិញសាលាខេត្ត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ មានបីតិសោមនស្សជ្រះថ្លារីករាយ បានប្រារព្ធរៀបចំនមស្ការព្រះរតនត្រ័យ សមាទានសីល ពូនភ្នំខ្សាច់ ស្រង់ទឹកស្រោចស្រពព្រះសុគន្ធវារីព្រះពុទ្ធបដិមា វេរភត្តាហារ ប្រគេនព្រះសង្ឃ បង្សុកូល ភត្តានុមោទនាដារឆ្លងពិធីបុណ្យចូលឆ្នាំថ្មី តាមលំអាននៃទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ តាំងពីបុរាណរៀងមក ។
ក្រោយពីអង្គពិធីបានប្រារព្ធសាសនពិធីរួចមក ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញសាលាខេត្ត អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ក៏បានប្រគេន-ជូនចង្ហាន់បិណ្ឌបាតភត្តថ្ងៃត្រង់ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី ដែលគង់ស្នាក់នៅសិក្សាទ្រទ្រង់បដិបត្តិព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ ។
សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសើរ ចូរកើតមានដល់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញសាលាខេត្ត អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងប្រជាពុទ្ធបរិស័ទក្នុងកម្ពុជរដ្ឋ និងពិភពលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរកុំឲ្យមានរោគព្រមទាំងញាតិទាំងឡាយគ្រប់
គ្នា កុំបីក្លាយជាបការៈដទៃឡើយ ។ សូមជ្រះថ្លាអនុមោទនា !