ពិធីជួបជុំព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ
ក្រោមអធិបតីភាពព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
━━━━━━━━━━━✥◈✥━━━━━━━━━━
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាអធិបតីភាពកិច្ចប្រជុំអឌ្ឍមាស (រៀងរាល់កន្លះខែម្តង)ជួបជុំព្រះសង្ឃ សីលវន្ត និងសីលវតី ដើម្បីផ្តល់ឱវាទក្នុងកិច្ចសិក្សាប្រណិប័តន៍ ព្រះធម៌វិន័យ (គន្ថធុរៈ និងវិបស្សនាធុរៈ) នៅលើឧបដ្ឋានសាលា ពុទ្ធមណ្ឌលវិបស្សនាធុរៈ នារសៀល,ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។
នៅក្នុងកិច្ចសិក្សាប្រណិប័តន៍ព្រះពុទ្ធសាសនាធុរៈមានពីរយ៉ាងគឺ៖
ពាក្យថាធុរៈគឺជាដំណើរជំពាក់ដោយកិច្ចនីមួយៗ ឬអាចហៅថា កិច្ចរវល់ជាប្រក្រតី។ បើនិយាយពីការងារវិញ អ្នកណាមិនដាក់ធុរៈចោល អ្នកនោះឈ្មោះថាជាមនុស្សជោគជ័យក្នុងកិច្ចការ ។ អ្នកបួសក្នុងព្រះពុទ្ធសាសនាមានធុរៈពីរយ៉ាងដែលត្រូវប្រតិបត្តិរាល់ថ្ងៃ ឬហៅថា ជាវត្តបទគឺ គន្ថធុរៈ១ និងវិបស្សនាធុរៈ១ ។
គន្ថធុរៈជាកិច្ចខាងផ្នែកគម្ពីរបាលី កិច្ចការរៀនសូត្រខាងបរិយត្តិធម៌គឺរៀនភាសាបាលី ការរៀនវេយ្យាករណ៍បាលីត្រូវការទន្ទេញឱ្យចាំចេះស្ទាត់មាត់ត្រូវប្រព្រឹត្តឱ្យធ្ងន់ពោលគឺឥរិបថទាំង៤ផ្តោតតែលើការទន្ទេញឱ្យរត់មាត់ជាការចាំបាច់ណាស់ ហើយបន្ទាប់ពីចេះចាំស្ទាត់ហើយក៏ចាប់ផ្តើមពិនិត្យឈ្វេងយល់ន័យសេចក្តីខ្លឹមសារនៃព្រះធម៌ ។
ចំណែកវិបស្សនាធុរៈ ជាកិច្ចខាងធ្វើវិបស្សនា អប់រំកាយចិត្ត ពិចារណាអសុភកម្មដ្ឋានទាំង១០ សង្រួមឥន្ទ្រិយឱ្យបានល្អ នេះជាកិច្ចរបស់អ្នកបួស ក្នុងព្រះសាសនាប្រណិប័តន៍សីល សមាធិ បញ្ញា ។
ដោយតេជានុភាព នៃការសិក្សាទ្រទ្រង់ បដិបត្តិ ព្រះធម៌វិន័យ សីល សមាធិ បញ្ញា សូមឲ្យវឌ្ឍនភាព នៃ ការសិក្សាពុទ្ធវចនៈ សមាទានបដិបត្តិ ដើម្បីពង្រឹងការផ្សព្វផ្សាយព្រះធម៌វិន័យ ផ្នែកបរិយត្តិ និងបដិបត្ដិ សាសនព្រហ្មចរិយធម៌ ឲ្យកាន់តែប្រសើរឡើងទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ជាពិសេសដើម្បីលើកម្ពស់វិបស្សនាធុរៈ នៅព្រះរាជាណាចក្រកម្ពុជា ពង្រឹងការបដិបត្តិ ឲ្យមានគុណតម្លៃសុខដុមនីយកម្មសាសនានៅកម្ពុជា និងយោងតាមសង្ឃប្រកាស និងសារាចរណ៍ណែនាំរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានៅគ្រប់វត្តអារាមទូទាំងប្រទេសត្រូវយកចិត្តទុកដាក់សិក្សាបដិបត្តិព្រះធម៌វិន័យ ទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ដើម្បីធ្វើឲ្យកងពុទ្ធចក្រទាំងពីរនេះដើរទន្ទឹមគ្នា និងមានតម្លៃសុខដុមនីយកម្មសាសនាតទៅ ។
ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា ! សាធុ សាធុ សាធុ !