នាព្រឹកថ្ងៃច័ន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីទក្ខិណានុប្បទាន គម្រប់ខួប ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលជូន៖ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ រ័ត្ន សារឿន ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០២២នេះ ។
នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ ថ្ងៃ វេរភត្តាហារ បង្សុកូល បត្តានុមោទនា បត្តិទានគាថា និងរាប់បាត ដ៏ប្រពៃថ្លៃថ្លានេះ មានព្រះវត្តមាន និងវត្តមាន និមន្ត-អញ្ជើញចូលរួមពី៖
– ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះថេរានុត្ថេរៈ
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
- ក្រុមគ្រួសារបងប្អូន-កូនចៅ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៉ុង សុខុន និងក្រុមញាតិទាំងអស់ ក៏បានអញ្ជើញចូលរួមកម្មវិធីបុណ្យនេះផងដែរ ប្រកបដោយបីតិសោមនស្សភាពជ្រះថ្លារីករាយ ។
ដោយអានុភាព នៃអាមិសទាន និងធម្មទាន សូមផ្សាយនូវមហាកុសល ឧទ្ទិសជូនដល់វិបាកបដិសន្ធិវិញ្ញាណ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ រ័ត្ន សារឿន ក្រុមគ្រួសារបងប្អូន-កូនចៅ និងក្រុមញាតិ បានបំពេញទក្ខិណានុប្បទាន សូមបានទៅកាន់សុគតិភពសួគ៌ទេវលោក និងទីបំផុតនៃជាតិ សូមបានដល់នូវព្រះនិព្វាន ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !