ផលវិបាកនៃទាន
━━━━✥◈✥━━━━
ទេវតាទូលថា ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ(១) ដល់ជនដទៃ ដែលកំពុងឲ្យទាន ផលវិបាករបស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។
ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ជនដទៃ ដែលកំពុងឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើតសត្វតិរច្ឆាន និងក្នុងយមលោក ប្រសិនបើដល់នូវភាពជាមនុស្ស រមែងកើតក្នុងត្រកូលកំសត់ ស្វែងរកតែសំពត់ និងអាហារ និងសេចក្តីត្រេកអរ ក្នុងបញ្ចកាមគុណ និងល្បែង ក៏បានដោយកម្រ ពួកពាលតែងនឹកប៉ង នូវទ្រព្យណា អំពីទីដទៃ ទ្រព្យនោះ មិនដែលបានដល់ពួកពាលនោះឡើយ នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានទុគ្គតិជាផល។ (មច្ឆរិសូត្រ ទី៩ បិដកភាគ ២៩ ទំព័រ ៨៦-៨៧)
(១) ធ្វើសេចក្តីអន្តរាយឋានសួគ៌របស់ទាយក ធ្វើនូវសេចក្តីអន្តរាយលាភរបស់បដិគ្គាហកៈ។ អដ្ឋកថា។
ប្រគេន-ជូនភត្តបិណ្ឌបាត ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងសិក្ខាកាមវគ្គសិក្សាបណ្តុះបណ្តាលវិក្រិត្យការគរុកោសល្យវិបស្សនា នាថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !!!