(ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែមួយដង មានរយៈពេលកំណត់ ២៩ ថ្ងៃ (ពីថ្ងៃ១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក))
សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា (យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន) ប្រមាណ ៣០ រូប (ភទ្ទវគ្គិយត្ថេរ ៣០ រូបជាបងប្អូនរួមបិតារបស់ព្រះបាទកោសល) សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូលជាអ្នកប្រព្រឹត្តប្រើតែចីវរ ៣ (មិនមែនសមាទានតែធុតង្គទាំងបីនេះទេ គឺលោកគ្រប់អង្គជាអ្នកសមាទានធុតង្គទាំង១៣តែម្ដង) គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថីដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្ដាលផ្លូវ ។ ភិក្ខុទាំងនោះនៅចាំវស្សា ទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ ។
គ្រានោះ ពួកភិក្ខុទាំងនោះនៅចាំវស្សាអស់ត្រៃមាសរួចហើយ ក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់អង្គ ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទូលនេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។
ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាឋាប្រមាណ ៣០ រូបមកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយមកតាមផ្លូវឆ្ងាយ ។
ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើ ធម្មីកថា (វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ១-៣) ថាៈ ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចត្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង ៤ បណ្ដាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌ តាមដែល ព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯ ទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែនឡើយ ។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង ។បេ។ កើតជាពពែ មានសភាពជាពពែ ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក ។បេ។ កើតជាមាន់ មានសភាពជាមាន់ ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនជាង ។
ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង ។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន ។បេ។ គួរជិនឆ្អន់ ។
លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយពួកភិក្ខុនោះជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ ៣០ រូប ក៏រួចស្រឡះចាកអាសវៈ ដោយការមិនប្រកាន់ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ អនមតគ្គសំយុត្ត ទុតិយវគ្គ តឹសមត្តសូត្រ បិដកលេខ ៣២ ទំព័រ ៩៧) (ភិក្ខុទាំងនោះបានសម្រេចព្រះអរហត្តហើយហោះទៅកាន់អាកាស ) ។
ដូច្នេះហើយត្រាស់ហៅភិក្ខុទាំងឡាយថា អនុជានាមិ ភិក្ខវេ វស្សំវុដ្ឋានំ ភិក្ខូនំ កថិនំ អត្ថរិតុំ។ ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន ។ អត្ថតកថិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ អនាមន្តចារោ អសមាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា) ១ ត្រេចទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់) ១ (ឆាន់) គណភោជនបាន ១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ ១ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ ១ ។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ ។ គឺត្រូវឲ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សំពត់កឋិននេះសង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនេះបានជាសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ ។
(វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ៣-៤)
ពុទ្ធមណ្ឌល,ថ្ងៃអង្គារ៍ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២