បុណ្យខួបគម្រប់ឆ្នាំទី២០
ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ
━━━━━━━✥◈✥━━━━━━━
នារសៀល,ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំចាត់ចែងរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា កម្មវិធីបុណ្យខួបគម្រប់ឆ្នាំទី២០ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ព្រះធម្មវិបស្សនា នៅ យី យានិកត្ថេរោ និងលោកតាគ្រូធម្មាចារ្យ រស់ ឈុន ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានថេរសភាសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាកម្ពុជា ។
នៅក្នុងពិធីនេះ ក៏មានព្រះវត្តមាន និងវត្តមាននិមន្ត-អញ្ជើញចូលរួមពី៖
- សម្តេចព្រះវនរ័ត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា
- សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
- សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាកម្ពុជា
- សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាកម្ពុជា
- សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការរដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណា-ចក្រកម្ពុជា និងជាព្រះចតុម្មុខមង្គល ព្រះមេគណរាជធានីភ្នំពេញ
- សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល
- ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ សមាជិកថេរសភាសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជាគណៈ និងព្រះថេរានុត្ថេរៈ
- ប្រធានសាខា និងសហការីមជ្ឈមណ្ឌល-មណ្ឌលវិបស្សនាធុរៈរាជធានី-ខេត្ត
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
- មហាឧបាសក មហាឧបាសិកា ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ក៏បានអញ្ជើញចូលរួមផងដែរ ។
សូមប្រគេន-ជូនជ្រាបថា ៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃ ៥ កើត ខែមាឃ គឺជាថ្ងៃដែលសិស្សគ្រប់ទិសទី និមន្ត-អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធីបុណ្យគម្រប់ខួបប្រចាំឆ្នាំ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន មិនដែលខានឆ្នាំណាមួយឡើយ ដើម្បីឧទ្ទិសផ្សាយទក្ខិណានុប្បទាន ប្រគេនបុណ្យកុសលចំពោះព្រះអង្គគ្រូ ទោះបីជា សិស្សគណ មិនបានឃើញរូបព្រះកាយ ព្រះអង្គគ្រូ គឺឃើញត្រឹមតែព្រះធាតុក្នុងកោដ្ឋ ដ៏ល្អប្រណិត រចនាក្បាច់ក្បូរតាមប្រពៃណីពីបុរាណ តម្កល់ចំពោះមុខសិស្ស ឬបានឃើញត្រឹមតែរូបព្រះឆាលាលក្ខណ៍ប៉ុណ្ណោះ ដើម្បីគោរពវន្ទា និងសម្តែងនូវទឹកចិត្តប្រកបដោយកតញ្ញូកតវេទីចំពោះព្រះអង្គគ្រូ ។
ដោយតេជានុភាព នៃការប្រារព្ធបុណ្យគម្រប់ខួបឆ្នាំទី ២០ សូមបដិសន្ធិវិញ្ញាណរបស់ព្រះអង្គគ្រូបានទៅសោយក្នុងសុគតិភព បុណ្យបារមីដែលព្រះអង្គគ្រូបានសន្សំ ក៏ដូចជាទក្ខិណានុប្បទានដែលព្រះសាសនមុនី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សិស្សគណគ្រប់រូប និងក្រុមគ្រួសារញាតិមិត្ត បានឧទ្ទិសប្រគេនអស់រយៈពេល ២០ ឆ្នាំនេះ សូមព្រះអង្គគ្រូជ្រះថ្លាត្រេកអរអនុមោទនា ទទួលយកនូវមហាកុសលនេះ សូមឲ្យក្តីប្រាថ្នាជាពុទ្ធភូមិរបស់ព្រះអង្គគ្រូ បានសម្រេចកុំបីអាក់ខានឡើយ ។
ក្នុងនាម ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ សិស្សគណ សូមថ្លែងព្រះអំណរអរព្រះគុណ និងអរគុណចំពោះ សម្តេចព្រះពោធិវ័ង្ស សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ មហាឧបាសក មហាឧបាសិកា ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែលបាននិមន្ត-អញ្ជើញចូលរួមបុណ្យគម្រប់ខួបនេះ សូមមានព្រះសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអនុមោទនា ដោយសោមនស្សភាព និងមេត្រីភាព ! សូមអរព្រះគុណ និងអរគុណ !