បុគ្គលណាប្រាថ្នាចម្រើនសមាធិ ក្នុងព្រះអានាបានស្សតិព្រះកម្មដ្ឋាន ដើម្បីឲ្យឆាប់បានសម្រេចនូវគុណធម៌ ត្រូវប្រកបដោយធម៌៥យ៉ាង ឲ្យបានខ្ជាប់ខ្ជួន រមែងងាយទូន្មានចិត្ត និងកាយឲ្យស្ងប់ ចិត្តទទួលបាននូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងទទួលបានសុភមង្គលក្នុងគ្រួសារសព្វកាលជានិច្ច។
ធម៌៥ប្រការនេះគឺ
១.ជាអ្នកខ្វល់ខ្វាយតិច មានការងារមិនច្របូកច្របល់ ប្រកបមុខរបរចិញ្ចឹមជីវិតក្នុងសុចរិតធម៌ ចេះស្គាល់ប្រមាណ មានទ្រព្យចេះឲ្យទាន ប្រកបដោយមេត្តាដល់ខ្លួនឯងនិងអ្នកដទៃ។
២.ជាអ្នកបរិភោគតិច ស្គាល់ប្រមាណ មិនល្មោភបរិភោគច្រើនពេក ឃ្លានគិតតែពីចង់បរិភោគនេះ បរិភោគនោះ នោះទេ ត្រូវបរិភោគដើម្បីសុខភាពល្អតែប៉ុណ្ណោះ។
៣.ជាអ្នកមានសតិស្មារតី ភ្ញាក់រលឹកជាប់ជានិច្ច ជាអ្នកដេកតិច មិនសូវដើរលេងឡេះឡោះឥតប្រយោជន៍ច្រើន។
៤.ជាអ្នកយល់ធម៌ទៅតាមហេតុផល មានវាចាល្អ មិនរោយរាយឥតប្រយោជន៍ចូលចិត្តស្ងប់ស្ងាត់ រីករាយកន្លែងស្ងប់ស្ងាត់ ប្រាស់ចាកពីពួកគណៈ អ៊ូអរច្រើន។
៥.ជាអ្នកមានប្រាជ្ញា ត្រិៈរិៈពិចារណាមានឆន្ទៈមុះមុត ឧស្សាហ៍ព្យាយាមប្រឹងប្រែង ចេះអត់ធន់នូវភាពទុក្ខលំបាកនៅពេលចម្រើនប្រត្តិបត្តិធម៌ចេះតស៊ូលះបង់កិលេសដែលជាគ្រឿងសៅហ្មងក្នុងចិត្តរឿយៗ រហូតបានស្ងប់ស្ងាត់ពួកអកុសលទាំងឡាយ។
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទូន្មានថាបើនរណាសមាទានកាន់យកធម៌៥ប្រការនេះ ប្រព្រឹត្តតាមឲ្យបានខ្ជាប់ខ្ជួនរមែងបានសម្រេចគុណធម៌បានជាបច្ច័យរួចចាកសេចក្តីទុក្ខទាំងពួងបាន។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖