បុគ្គលគប្បីបន្ទោបង់នូវសេចក្តីកំណាញ់ចេញ គប្បីគ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន ព្រោះថាបុណ្យ រមែងបានជាទីពឹង របស់សត្វទាំងឡាយក្នុងលោកខាងមុខ។ (លារកោសិយជាតក បិដកភាគ ៥៩ ទំព័រ ១៩៥) ។
ការនិមន្តបិណ្ឌបាត គឺជាកិច្ចវត្តរបស់ភិក្ខុសង្ឃ ជាបវេណីនៃព្រះពុទ្ធគ្រប់ព្រះអង្គតាំងពីបុរាណ ដែលមានចារឹកទុកក្នុងគម្ពីរដីកា អដ្ឋកថា និងឯកសារនានាផ្នែកពុទ្ធសាសនា ។ សម្រាប់ភិក្ខុ សាមណេរ ជាអ្នកលះជីវភាពជាគ្រហស្ថ អ្នកគ្រប់គ្រងផ្ទះមកបួសជាបព្វជិតទ្រទ្រង់ត្រ័យសិក្ខាក្នុងព្រះពុទ្ធសាសនា អាហារភោជន រួមមានបាយជាដើមនេះ ចាត់ចូលក្នុងចំពូកបិណ្ឌបាតប្បច្ច័យ ដែលស្ថិតក្នុងចំណោមបច្ច័យទាំងឡាយ ៤ ។






