បិណ្ឌបាតចារិកវត្តរបស់ភិក្ខុសង្ឃ
━━━━━━━✥◈✥━━━━━━━
ការប្រព្រឹត្តនិមន្តគោចរបិណ្ឌបាតចង្ហាន់របស់ភិក្ខុសង្ឃដែលឯកឧត្តម គិម វ៉ាដា លោកជំទាវ សុត សុភាព និងក្រុមញាតិ បានប្រគេន-ជូនដាក់ក្នុងបាត ជាពុទ្ធប្បវេណីព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ និងព្រះអង្គទ្រង់ពុទ្ធានុញ្ញាតឲ្យដល់សាវ័កដែលបានបួសក្នុងធម្មវិន័យនេះ ប្រព្រឹត្តគោចរបិណ្ឌបាតទុកជាវត្តប្រណិប័តន៍មួយដ៏សំខាន់របស់បព្វជិតក្នុងព្រះពុទ្ធសាសនា ហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថា ជាការចិញ្ចឹមជីវិតដោយប្រពៃ ជាដំណើរនាំឲ្យអាជីវបារិសុទ្ធិសីលបរិសុទ្ធល្អ ។ ទន្ទឹមគ្នានេះ និស្ស័យ៤ ដែលគ្រូឧបជ្ឈាយាចារ្យតែងណែនាំដល់ភិក្ខុសាមណេរទើបបព្វជ្ជា ឬឧបសម្បទា ក្នុងនោះការនិមន្តបិណ្ឌបាត គឺជានិស្ស័យទី១ “បព្វជ្ជាអាស្រ័យដោយភោជនជាពំនូត ដែលភិក្ខុត្រូវបានមកដោយកម្លាំងកំភួនជើង អ្នកត្រូវធ្វើសេចក្ដីប្រឹងប្រែងក្នុងភោជននោះអស់មួយជីវិត…”។ អាស្រ័យហេតុនេះ បព្វជិតអ្នកបួសក្នុងពុទ្ធសាសនាតែងត្រាច់ចរនិមន្តបិណ្ឌបាត ស្វែងរកអាហារយកមកទ្រទ្រង់ជីវិត ដែលជាទានរបស់សប្បុរសជន ។
ដោយតេជានុភាព នៃធម្មទាន និងអាមិសទាន ដែលឯកឧត្តម លោកជំទាវ និងក្រុមញាតិទាំងអស់បានបំពេញទក្ខិណាទានរឿយៗក្នុងព្រះពុទ្ធសាសនា ជ្រះថ្លាបូជាប្រគេន-ជូនដល់បដិគ្គាហកៈ ដែលលោកកំពុងសិក្សាទ្រទ្រង់ បដិបត្តិ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ រីផលបុណ្យនេះ ចូលមានដល់ញាតិទាំងឡាយរបស់ឯកឧត្តម លោកជំទាវ និងក្រុមញាតិ ចូរជាអ្នកដល់នូវសេចក្តីសុខចុះ និងសូមជាបច្ច័យនាំមកនូវធម៌ ជាទីអស់ទៅនៃអាសវក្កិលេសដល់នូវព្រះនិព្វាន និងសូមផ្សាយនូវបុណ្យកុសលនេះដល់សព្វសត្វទាំងឡាយ ចូរទទួលបាននូវចំណែកបុណ្យស្មើៗគ្នា ។
ថ្វាយ-ប្រគេន-ជូនបុណ្យ សូមជ្រះថ្លាអនុមោទនា !
ពុទ្ធមណ្ឌល,ថ្ងៃព្រហស្បតិ៍ ១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣