បិដកភាគ ៥៤ ទំព័រ ១០៣
បុគ្គលណា មិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនបានស្តាប់សេចក្តី (ក្នុងសំណាក់) នៃពួកពហុស្សូត មិនទាន់យល់ដោយខ្លួនឯង ជាអ្នកមិនទាន់អស់សេចក្តីសង្ស័យ ធ្វើម្តេចនឹងអាចញ៉ាំងជនឯទៀតឲ្យយល់បាន ក៏យ៉ាងនោះដែរ។ បុគ្គលឡើងជិះទូកដ៏មាំ បរិបូណ៌ដោយចែវ និងថ្នោល ជាអ្នកដឹងឧបាយក្នុងការទូកនោះ ជាអ្នកឈ្លាសវៃ មានគំនិត គប្បីចម្លងពួកជនដទៃជាច្រើន ក្នុងទូកនោះបានយ៉ាងណាមិញ ចំណែកបុគ្គលណា ជាអ្នកដល់នូវវេទ មានចិត្តបានអប់រំហើយ ជាពហុស្សូត មិនញាប់ញ័រ (ក្នុងលោកធម៌) បុគ្គលនោះឯង ជាអ្នកចេះដឹង ញ៉ាំងពួកជនដទៃ ដែលជាអ្នកបរិបូណ៌ដោយការត្រងត្រាប់ និងឧបនិស្ស័យឲ្យចេះដឹងបាន ក៏យ៉ាងនោះឯង។ ព្រោះហេតុនោះ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមានប្រាជ្ញ ទាំងជាពហុស្សូត បុគ្គលនោះ កាលដឹងសេចក្តីហើយ ប្រតិបត្តិតាម ជាអ្នកដឹងធម៌ច្បាស់ រមែងបាននូវសេចក្តីសុខ។
━━━━━✥◈✥━━━━━
នាយប់ថ្ងៃសៅរ៍ ១៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥
យោគាវចរ ក្រោយពីគង់-អង្គុយ និងចង្ក្រមភាវនាកម្មដ្ឋាន តាំងពីព្រឹក រហូតដល់ព្រះសុរិយាទៀបអស្តង្គត និងឈានចូលដល់រាត្រីមកដល់ ក៏នៅតែបន្តចម្រើនសមាធិកម្មដ្ឋាន និងបានស្តាប់ធម្មីកថា ដែលពោលសម្តែងដោយៈ ព្រះធម្មត្ថេរោ ហ៊ឹម ប៊ុនធឿន មានខ្យល់ជំនោត្រជាក់ដល់កាយ និងមានវាយោបកផាត់មករំភើយៗ ស្ថិតក្រោមពន្លឺនៃដួងខែដ៏ស្រទន់ នៃខែផល្គុន នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិរិយភាព និងមានបីតិសោមនស្សភាព និងជាទីជ្រះថ្លាក្រៃលែង ។
ដោយអំណាចនៃការបដិបត្តិចម្រើនធុតង្គវត្ត សូមឲ្យសព្វសត្វបាននូវសេចក្តីសុខ ចូរកុំឲ្យមានពៀរនឹងគ្នា ចូររក្សាខ្លួនជាសុខតរៀងទៅ ។ ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !







































