បដិបទា ប្រព្រឹត្តទៅ ដើម្បីមានភោគសម្បត្តិច្រើន
━━━━━━━━━✥◈✥━━━━━━━━━
ស្ត្រី ឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានសមាទានយ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នក មានភោគសម្បត្តិច្រើន ។ បុគ្គលដែលឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានភោគសម្បត្តិច្រើន។ (បិដកភាគ ២៨ ទំព័រ ៦៤) ។
ញាតិញោមពុទ្ធបរិស័ទ បូជាភត្តបិណ្ឌបាតទានដល់ព្រះសង្ឃ និងជូនសីលវន្ត សីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឧទ្ទិសផ្សាយបុណ្យកុសលដល់បុព្វការីជន និងឈ្មោះថាបានទំនុកបំរុងព្រះភិក្ខុសង្ឃ សីលវន្ត សីលវតី ជាអ្នកទ្រទ្រង់ ផ្សព្វផ្សាយ បដិបត្តិព្រះធម៌វិន័យ ។ ថ្វាយ ប្រគេន ជូន បុណ្យដល់ម្ចាស់សាមីទាន និងសព្វសត្វសូមបានជាបច្ច័យរួចចាកទុក្ខទាំងពួង ។ អនុមោទនា !