នាភត្តថ្ងៃត្រង់ ក្រុមញាតិឧបាសិកា រតនសោភា ទិត្យ រដ្ឋា បានអញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ និងបាននាំមកនូវទេយ្យទានជាច្រើនដើម្បីរាប់បាត ប្រគេនជូនដល់បដិគ្គាហកៈ សមដូចពុទ្ធដីកាសម្តែងថា: បាហុណេយ្យោ លោកគួរទទួលនូវអាគន្តុកទាន (ទានដែលបុគ្គលតាក់តែងដើម្បីញាតិ និងមិត្តដែលមកអំពីទិសផ្សេងៗ បង្អោនចូលមកបូជា)។ ទានដែលបុគ្គលចាត់ចែងដោយគ្រឿងសក្ការៈ ដើម្បីទទួលញាតិមិត្តដែលមកអំពីទិសទាំងឡាយ ហៅថា អាគន្តុកទាន។ អាគន្តុកទាននោះ គួរនឹងវៀរនូវញាតិ និងមិត្ត និងមនុស្សដែលមកជាភ្ញៀវនោះ ហើយថ្វាយដល់សង្ឃតែម្យ៉ាង។ ព្រះសង្ឃគួរនឹងទទួលអាគន្តុកទាននោះមែនពិត មនុស្សដែលមកជាភ្ញៀវនោះ មិនប្រាកដដូចព្រះសង្ឃទេ ព្រោះព្រះសង្ឃដែលមកជាភ្ញៀវនោះ រមែងមានតែក្នុងកាលដែលមានព្រះពុទ្ធត្រាស់ដឹងប៉ុណ្ណោះ ហើយលោករមែងប្រកបដោយធម៌ មានសីលគុណជាដើម ព្រោះហេតុនោះ វត្ថុដែលសម្រាប់ទទួលភ្ញៀវនោះ គួរលើកមកថ្វាយព្រះសង្ឃមែនពិត ដូច្នេះទើបឈ្មោះថា បាហុណេយ្យោ។ (ប្រស្នាត្រៃគុណ, ឈឹម ទូច)



