ព្រះសាស្ដា កាលគង់នៅវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធដល់ការប្រលោមលួងលោមរបស់បុរាណទុតិយិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧទ្ទយ្ហតេ ជនបទោ ដូច្នេះជាដើម ។
ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា អ្នកត្រូវនរណាធ្វើឲ្យនឿយណាយ ? កាលភិក្ខុក្រាបទូលថា ត្រូវភរិយាចាស់ជាអ្នកធ្វើឲ្យនឿយណាយ ទើបត្រាស់ថា ម្នាលភិក្ខុ ស្ត្រីនេះឯងជាអ្នកធ្វើសេចក្ដីវិនាសដល់អ្នក ក្នុងកាលឥឡូវនេះប៉ុណ្ណោះ ក៏មិនមែន សូម្បីក្នុងកាលមុន អ្នកអាស្រ័យស្ត្រីនេះហើយ សាបសូន្យចាកឈាន ជាអ្នកដល់សេចក្ដីវិនាសយ៉ាងធំ ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកថា
ក្នុងអតីតកាល ព្រះរាជាព្រះនាមព្រហ្មទត្ត ទ្រង់សោយរាជសម្បត្តិ ក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណមហាសាល ឈ្មោះថា ឧទិច្ចៈ ល្មម ចម្រើនវ័យធំហើយ បានសិក្សាសិល្បសាស្ត្រចប់សព្វគ្រប់អស់ហើយ បួសជាឥសីធ្វើឈាន និងអភិញ្ញាឲ្យកើតឡើងហើយ សម្រេចការនៅក្នុងហិមវន្តប្រទេស ។ រឿងរ៉ាវទាំងអស់ ដូច ដែលបានពោលមកហើយ ក្នុងអលម្ពុសាជាតកនោះឯង ។ មានមេម្រឹគមួយ បានតាំងគភ៌ហើយកើតកូន ។ កូននោះមានឈ្មោះថា ឥសិសិង្គៈ ។ បន្ទាប់មកបិតា បានចិញ្ចឹមគេឲ្យចម្រើនវ័យធំហើយទើបបួស បានសិក្សាការបរិកម្មកសិណ ។ មិនយូរប៉ុន្មាន គេក៏បានធ្វើឈាន និងអភិញ្ញាឲ្យកើតឡើង ទើបសម្រេចការនៅដោយសេចក្ដីសុខ ដែលកើតអំពីឈាន បានជាអ្នកមានតបៈដ៏ខ្លាំងក្លា មានតបៈក៏កំពូល មានឥន្ទ្រិយដែលឈ្នះបានយ៉ាងល្អ ។ ព្រោះតេជះនៃសីលរបស់តាបសនោះ ឋានសក្កទេវរាជទើបកម្រើក ញាប់ញ័រ សក្កទេវរាជក៏ប្រមើលមើល បានជ្រាបហេតុនោះ បានគិតថា យើងនឹងប្រើឧបាយ ដើម្បីទម្លាយសីលរបស់តាបសនេះឲ្យបាន ទើបហាមភ្លៀងមិនឲ្យធ្លាក់ ក្នុងកាសិករដ្ឋទាំងមូល រហូត ៣ ឆ្នាំ ។ ដែនទាំងមូលហាក់ដូចជាត្រូវភ្លើងឆេះ ។ កាលស្រូវសំណាប មិនបរិបូណ៌ ពួកមនុស្សត្រូវទុព្ភិក្ខភ័យបៀតបៀន ទើបប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ លំដាប់នោះ ព្រះរាជាប្រថាប់ឈរនៅត្រង់ប្រហោងបង្អួច ត្រាស់សួរមនុស្សពួកនោះថា មានរឿងអ្វី ? ពួកមនុស្សទាំងនោះ នាំគ្នាក្រាបទូលថា បពិត្រមហារាជ កាលភ្លៀងមិនធ្លាក់រហូត ៣ ឆ្នាំ ដែនទាំងមូលក៏ក្ដៅហែង ហើយក្រាបទូលទៀតថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គចូរឲ្យ ភ្លៀងធ្លាក់ ។ ព្រះរាជាសូម្បីនឹងសមាទានសីល រក្សាឧបោសថ ក៏ទ្រង់មិនអាចនឹងឲ្យភ្លៀង ធ្លាក់ចុះបាន ។ ក្នុងកាលនោះ សក្កទេវរាជ ស្ដេចចូលទៅកាន់បន្ទប់ដែលប្រកបដោយសិរី របស់ព្រះរាជាអង្គនោះ ក្នុងវេលាទៀបភ្លឺ ទ្រង់ធ្វើពន្លឺដ៏ភ្លឺចែងចាំងហើយ បានប្រថាប់ឈរនៅ កណ្ដាលវេហា ។ ព្រះរាជាទតព្រះនេត្រឃើញពន្លឺនោះហើយ ត្រាស់សួរថា អ្នកជានរណា ? សក្កទេវរាជត្រាស់តបថា យើងជាសក្កទេវរាជ ។ ព្រះរាជាត្រាស់សួរថា ព្រះអង្គយាងមក ប្រាថ្នាអ្វី ? សក្កទេវរាជត្រាស់ថា មហារាជអើយ ! ភ្លៀងក្នុងដែនរបស់ព្រះអង្គធ្លាក់ឬទេ ? ព្រះរាជាត្រាស់ថា មិនធ្លាក់ទេ ។ សក្កទេវរាជត្រាស់សួរថា ព្រះអង្គទ្រង់ជ្រាបហេតុដែល ភ្លៀងមិនធ្លាក់ឬទេ ? ព្រះរាជាត្រាស់ថា មិនជ្រាបទេ ។ សក្កទេវរាជទើបត្រាស់បញ្ជាក់ថា មហារាជ ! ក្នុងហិមវន្តប្រទេស មានតាបសឈ្មោះឥសិសិង្គៈអាស្រ័យនៅ ។ តាបសនោះ មានតបៈដ៏ខ្លាំងក្លា មានឥន្ទ្រិយដែលឈ្នះយ៉ាងល្អក្រៃលែង កាលភ្លៀងធ្លាក់ចុះមកជានិច្ច លោកក្រោធហើយសម្លឹងមើលអាកាស ព្រោះដូច្នោះ ភ្លៀងទើបមិនធ្លាក់ ។ ព្រះរាជាត្រាស់ សួរថា ឥឡូវនេះ នឹងគប្បីធ្វើយ៉ាងណាល្អក្នុងរឿងនេះ ? សក្កទេវរាជត្រាស់ថា កាលទម្លាយ តបៈរបស់តាបសនោះបាន ភ្លៀងនឹងធ្លាក់ចុះមកវិញ ។ ព្រះរាជាត្រាស់សួរថា អ្នកណានឹង អាចទម្លាយតបៈរបស់តាបសនោះបាន ។ សក្កទេវរាជត្រាស់ប្រាប់ថា មហារាជ ព្រះរាជធីតា ព្រះនាមនិឡិនិការបស់ព្រះអង្គនេះឯងទើបជាអ្នកអាច ព្រះអង្គចូរឲ្យមនុស្សហៅនាងមក ហើយត្រាស់បញ្ជាថា បុត្រីចូរទៅកាន់ស្ថានទីឈ្មោះនេះហើយ ចូរទម្លាយតបៈរបស់តាបស ឲ្យបាន ។ សក្កទេវរាជបង្គាប់ព្រះរាជាយ៉ាងនោះហើយ ស្ដេចក៏បានទៅកាន់ទីលំនៅរបស់ ព្រះអង្គវិញ ។ ក្នុងថ្ងៃស្អែក ព្រះរាជាទ្រង់ប្រឹក្សាជាមួយនឹងពួកអាមាត្យ ហើយត្រាស់បញ្ជាឲ្យ ហៅ ព្រះរាជធីតាមក ហើយត្រាស់ព្រះគាថាដំបូងថា
ឧទ្ទយ្ហតេ ជនបទោ, រដ្ឋញ្ចាបិ វិនស្សតិ;
ឯហិ និឡិនិកេ គច្ឆ, តំ មេ ព្រាហ្មណមានយា។
ម្នាលនាងនិឡិនិកា ជនបទក្តៅស្ងួត ទាំងដែន ក៏វិនាស ចូរនាងមក ចូរនាងទៅញ៉ាំង ព្រាហ្មណ៍ (អ្នកធ្វើនូវសេចក្តីវិនាស) ដល់អញនោះ ឲ្យមកលុះអំណាចរបស់ខ្លួន ។
ព្រះរាជធីតានោះស្ដាប់គាថានោះហើយ ទើបត្រាស់គាថាទី ២ តបថា
នាហំ ទុក្ខក្ខមា រាជ, នាហំ អទ្ធានកោវិទា;
កថំ អហំ គមិស្សាមិ, វនំ កុញ្ជរសេវិតំ។
បពិត្រព្រះរាជា ខ្ញុំម្ចាស់អត់ទ្រាំសេចក្តីលំបាកពុំបាន ខ្ញុំម្ចាស់នឹងទៅកាន់ព្រៃ ដែល មានដំរីអាស្រ័យ ដូចម្តេចបាន ។
លំដាប់នោះ ព្រះរាជាបានត្រាស់ ២ គាថា ទៀតថា
ផីតំ ជនបទំ គន្ត្វា, ហត្ថិនា ច រថេន ច;
ទារុសង្ឃាដយានេន, ឯវំ គច្ឆ និឡិនិកេ។
ម្នាលនាងនិឡិនិកា នាងចូរទៅកាន់ជនបទដ៏ស្តុកស្តម្ភ ហើយទៅដោយដំរីផង ដោយ រថផង ដោយយាន (ទូក) ដែលគេគាបដោយឈើផង យ៉ាងនេះចុះ ។
ហត្ថិអស្សរថេ បត្តី, គច្ឆេវាទាយ ខត្តិយេ;
តវេវ វណ្ណរូបេន, វសំ តមានយិស្សសិ។
ម្នាលខត្តិយានី ចូរនាងយកដំរី សេះ រថ និងថ្មើជើង ទៅចុះ ចូរនាងនាំ ព្រាហ្មណ៍ឥសីសិង្គៈនោះ មកកាន់អំណាច (ខ្លួន) ដោយសម្បុរ និងរូបឆោមរបស់នាង ។
ព្រះរាជាអង្គនោះ ត្រាស់ព្រះតម្រាស់ដែលមិនគួរនឹងត្រាស់ជាមួយព្រះរាជធីតា យ៉ាង នោះ ក៏ព្រោះប្រាថ្នានឹងរក្សាដែន ។ សូម្បីព្រះរាជធីតានោះ ក៏ទូលទទួលតបថា ល្អ ។ លំដាប់ នោះ ព្រះរាជាទ្រង់បានព្រះរាជទានរបស់របរ ដែលគួរព្រះរាជទានទាំងអស់ ដល់អាមាត្យ ទ្រង់បញ្ជាព្រះរាជធីតាទៅជាមួយពួកអាមាត្យ ។ អាមាត្យទាំងឡាយនាំព្រះរាជធីតាទៅដល់ បច្ចន្តជនបទហើយ ឲ្យតាំងបន្ទាយសម្រាកក្នុងជនបទនោះ ឲ្យលើកព្រះរាជធីតានោះឡើង ហើយ ចូលទៅកាន់ហិមវន្តប្រទេស ដោយផ្លូវដែលព្រានព្រៃចង្អុលបង្ហាញប្រាប់ ក្នុងវេលា ព្រឹក ក៏ដល់ទីជិតអាស្រមបទរបស់តាបសនោះ ។
ក្នុងខណៈនោះ ព្រះពោធិសត្វឲ្យបុត្រនៅចាំអាស្រមបទ ខ្លួនឯងត្រូវចូលទៅកាន់ព្រៃ ដើម្បីស្វែងរកផលាផល ។ ពួកព្រានព្រៃមិនទៅកាន់អាស្រមបទទេ តែឈរនៅត្រង់ទីដែលជា ទីនៅរបស់តាបសនោះ កាលនឹងសម្ដែងទីនៅនោះដល់ព្រះនាងនិឡិនិកា ទើបពោលពាក្យ ២ គាថា ថា
កទលីធជបញ្ញាណោ, អាភុជីបរិវារិតោ;
ឯសោ បទិស្សតិ រម្មោ, ឥសិសិង្គស្ស អស្សមោ។
នុ៎ះ ប្រាកដជាអាស្រមរបស់តាបស ឈ្មោះឥសីសិង្គៈ ជាទីគួររីករាយ មានដើមចេក ជាទង់ ជាគ្រឿងសម្គាល់ មានដើមស្មាច់ដុះព័ទ្ធជុំវិញ ។
ឯសោ អគ្គិស្ស សង្ខាតោ, ឯសោ ធូមោ បទិស្សតិ;
មញ្ញេ នោ អគ្គិំ ហាបេតិ, ឥសិសិង្គោ មហិទ្ធិកោ។
នុ៎ះ ភ្លើងដែលឥសីសិង្គៈនោះ តាក់តែង (ដោយឈាន) នុ៎ះ ផ្សែងដែលឃើញប្រាកដ ខ្ញុំសម្គាល់ថា ឥសីសិង្គៈ អ្នកមាន ឫទ្ធិច្រើន មិនញ៉ាំងភ្លើងឲ្យសាបសូន្យទេ ។
ចំណែកពួកអាមាត្យ នាំគ្នាឡោមព័ទ្ធអាស្រមក្នុងវេលា ដែលព្រះពោធិសត្វចូលទៅ កាន់ព្រៃ ក៏នាំគ្នាតាំងកងពលរក្សា ឲ្យព្រះរាជធីតាក្លែងភេទជាឥសី យកសំពត់សំបកឈើ ពណ៌មាសប្រភេទខ្លះធ្វើជាសំពត់ស្លៀកនិងសំពត់ដណ្ដប់ ប្រដាប់ដោយគ្រឿងអលង្ការគ្រប់ យ៉ាងហើយ ឲ្យព្រះរាជធីតាកាន់យកកូនឃ្លីដែលវិចិត្រចងដោយខ្សែអំបោះ បញ្ជូនចូលទៅ កាន់អាស្រមបទ ខ្លួនឯងនាំគ្នាឈររក្សានៅខាងក្រៅ ។ ព្រះរាជធីតានោះលេងកូនឃ្លីនោះ បណ្ដើរៗ ក៏បំពារបំពានដល់ទីបំផុតរបស់ទីចង្ក្រម ។ ខណៈនោះ ឥសិសិង្គតាបស កំពុង អង្គុយត្រង់ទីជិតស៊ុមទ្វារបណ្ណសាលា ។ តាបសនោះក្រឡេកមើល ឃើញស្ត្រីនោះកំពុង ដើរមក ក៏ភិតភ័យ ក្រោកឡើងហើយចូលទៅកាន់បណ្ណសាលា ។ សូម្បីព្រះរាជធីតានោះ ក៏ទៅកាន់ទ្វារបណ្ណសាលារបស់តាបសនោះហើយ ក៏លេង (កូនឃ្លី) តទៅទៀត ។
ព្រះសាស្ដា កាលនឹងប្រកាសសេចក្ដីនោះឲ្យក្រៃលែងជាងនោះទៀត ទើបបានត្រាស់ គាថាទាំង ៣ នេះថា
តញ្ច ទិស្វាន អាយន្តិំ, អាមុត្តមណិកុណ្ឌលំ;
ឥសិសិង្គោ បាវិសិ ភីតោ, អស្សមំ បណ្ណឆាទនំ។
ឥសីសិង្គៈ បានឃើញនាងនិឡិនិកានោះ ពាក់កុណ្ឌលកែវមណី កំពុងដើរមក ក៏ភិត ភ័យ ចូលទៅកាន់អាស្រមដែលប្រក់ដោយស្លឹក ។
អស្សមស្ស ច សា ទ្វារេ, គេណ្ឌុកេនស្ស កីឡតិ;
វិទំសយន្តី អង្គានិ, គុយ្ហំ បកាសិតានិ ច។
ឯនាងនិឡិនិកានោះ ក៏បង្ហាញនូវអវយវៈទាំងឡាយផង បញេ្ចញនូវកេរ្តិ៍ខ្មាស់ ដ៏កំបាំងផង ហើយលេងកូនឃ្លី ក្បែរទ្វារអាស្រមនៃ ឥសីសិង្គៈនោះ ។
តញ្ច ទិស្វាន កីឡន្តិំ, បណ្ណសាលគតោ ជដី;
អស្សមា និក្ខមិត្វាន, ឥទំ វចនមព្រវិ។
អ្នកមានជដា (ឥសីសិង្គៈ) នៅក្នុងបណ្ណាសាលា ឃើញនាងនិឡិនិកានោះ កំពុងលេង ចេញអំពីអាស្រមមកនិយាយពាក្យនេះថា
ព្រោះដូច្នោះ ទើបពោលថា ឥសិសិង្គតាបសចេញ (អំពីអាស្រម) ហើយពោលពាក្យ នេះថា
អម្ភោ កោ នាម សោ រុក្ខោ, យស្ស តេវំគតំ ផលំ;
ទូរេបិ ខិត្តំ បច្ចេតិ, ន តំ ឱហាយ គច្ឆតិ។
ម្នាលអ្នកដ៏ចម្រើន ឈើរបស់អ្នកនោះ ឈ្មោះអ្វី ដែលមានផ្លែបែបនេះ សូម្បីអ្នកបោះ ទៅក្នុងទីឆ្ងាយហើយ ក៏វិលត្រឡប់មកវិញ មិនទៅចោលអ្នក ។
លំដាប់នោះ ព្រះរាជធីតានោះ កាលនឹងប្រាប់ទើបបានពោលគាថានេះ ដល់តាបស នោះថា
អស្សមស្ស មម ព្រហ្មេ, សមីបេ គន្ធមាទនេ;
ពហវោ តាទិសា រុក្ខា, យស្ស តេវំគតំ ផលំ;
ទូរេបិ ខិត្តំ បច្ចេតិ, ន មំ ឱហាយ គច្ឆតិ។
បពិត្រតាបសដ៏ប្រសើរ ផ្លែបែបនេះ នៃឈើណា សូម្បីខ្ញុំបោះទៅក្នុងទីឆ្ងាយ ក៏ត្រឡប់ មកវិញ មិនទៅចោលខ្ញុំទេ ឈើបែបនោះ មានក្នុងទីជិត អាស្រមនៃខ្ញុំ នាភ្នំគន្ធមាទន៍ ។
ចំណែកតាបសនោះបានជឿហើយ កាលនឹងធ្វើបដិសណ្ឋារកិច្ចដោយសម្គាល់ថា អ្នក នោះជាតាបស ទើបពោលគាថានេះថា
ឯតូ ភវំ អស្សមិមំ អទេតុ, បជ្ជញ្ច ភក្ខញ្ច បដិច្ឆ ទម្មិ;
ឥទមាសនំ អត្រ ភវំ និសីទតុ, ឥតោ ភវំ មូលផលានិ ភុញ្ជតុ។
អ្នកដ៏ចម្រើនចូរមកកាន់អាស្រមនេះចុះ ចូរបិរភោគអាហារចុះ ចូរទទួលថ្នាំសម្រាប់ លាបជើងផង ភក្សាហារផង ខ្ញុំជូន (ដល់អ្នក) នេះអាសនៈ អ្នកដ៏ចម្រើន ចូរអង្គុយលើ អាសនៈនេះ អ្នកដ៏ចម្រើនចូរពិសាមើមឈើ និងផ្លែឈើក្នុងទីនេះចុះ ។
តាបសបានឃើញអវយវៈដែលបិទបាំងនៃសរីរៈ របស់មាតុគ្រាម ព្រោះលោកមិន ធ្លាប់ឃើញអំពីកាលមុន ទើបសម្គាល់ថា នុ៎ះជាដំបៅ ហើយ ពោលយ៉ាងនេះថា
កិំ តេ ឥទំ ឩរូនមន្តរស្មិំ, សុបិច្ឆិតំ កណ្ហរិវប្បកាសតិ;
អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ, កោសេ នុ តេ ឧត្តមង្គំ បវិដ្ឋំ។
អ្វីនេះ កំពុងល្អ (ដូចមាត់ខ្យងបៀ) នៅត្រង់ចន្លោះភ្លៅរបស់អ្នក ប្រាកដដូចជាវត្ថុ មានពណ័ខ្មៅ ៗ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ អវយវៈដ៏ឧត្តម របស់អ្នកលិច ចូលទៅក្នុងស្រោម (សរីរៈ) ឬ ។
លំដាប់នៅ ព្រះរាជធីតានោះ កាលនឹងបោកបញ្ឆោតតាបសនោះ ទើបពោល ២ គាថា ថា
អហំ វនេ មូលផលេសនំ ចរំ, អាសាទយិំ អច្ឆំ សុឃោររូបំ;
សោ មំ បតិត្វា សហសាជ្ឈបត្តោ, បនុជ្ជ មំ អព្ពហិ ឧត្តមង្គំ។
ខ្ញុំត្រាច់ទៅកាន់ទីស្វែងរកមើមឈើ ផ្លែឈើ ក្នុងព្រៃ បានជួបខ្លាឃ្មុំមានរូបដ៏សម្បើម ខ្លាឃ្មុំនោះ ស្ទុះមកសង្រ្គប់ខ្ញុំដោយរហ័ស ផ្តួលខ្ញុំ ហើយខាំដកយកអវយវៈដ៏ឧត្តមទៅ ។
ស្វាយំ វណោ ខជ្ជតិ កណ្ឌុវាយតិ, សព្ពញ្ច កាលំ ន លភាមិ សាតំ;
បហោ ភវំ កណ្ឌុមិមំ វិនេតុំ, កុរុតំ ភវំ យាចិតោ ព្រាហ្មណត្ថំ។
ដំបៅនោះឯង ឈឺពើតផង រមាស់ផង ខ្ញុំមិនបានសេចក្តីសុខ សព្វ ៗ កាលទេ អ្នកដ៏ចម្រើន អាចនាំចេញនូវរោគរមាស់នេះចេញបាន អ្នកដ៏ចម្រើនដែលខ្ញុំអង្វរហើយ សូមធ្វើនូវ ប្រយោជន៍ដល់ព្រាហ្មណ៍ ។
តាបសនោះ ស្ដាប់ពាក្យមុសារបស់ព្រះរាជធីតានោះថាជាពាក្យពិត ទើបគិតថា បើសេចក្ដីសុខយ៉ាងនេះនឹងមានដល់អ្នកសោត ខ្ញុំនឹងធ្វើឲ្យ បានសម្លឹងមើលត្រង់នោះ ហើយ ពោលគាថាបន្ទាប់ទៅថា
គម្ភីររូបោ តេ វណោ សលោហិតោ, អបូតិកោ វណគន្ធោ មហា ច;
ករោមិ តេ កិញ្ចិ កសាយយោគំ, យថា ភវំ បរមសុខី ភវេយ្យ។
ដំបៅរបស់អ្នកមានសភាពដ៏ជ្រៅ មានសម្បុរក្រហម មិនស្អុយទេ គ្រាន់តែមានក្លិន ខ្មោះ (បន្តិចៗ) ហើយថែមទាំងធំផង ខ្ញុំនឹងប្រកបដោយថ្នាំដុស លាបឲ្យអ្នកបន្តិចមើល ដើម្បីនឹងឲ្យអ្នកដ៏ចម្រើនបានសេចក្តីសុខស្រួល ។
លំដាប់នោះ ព្រះនាងនិឡិនិកាទើបត្រាស់គាថា ថា
ន មន្តយោគា ន កសាយយោគា, ន ឱសធា ព្រហ្មចារិ កមន្តិ;
យំ តេ មុទុ តេន វិនេហិ កណ្ឌុំ, យថា អហំ បរមសុខី ភវេយ្យំ។
បពិត្រតាបសដ៏ប្រសើរ ការប្រកបដោយមន្តទាំងឡាយ ក៏មិនត្រូវ ការប្រកបដោយថ្នាំ ដុសទាំងឡាយក៏មិនត្រូវ ឱសថទាំងឡាយក៏មិនត្រូវ អវយវៈណារបស់លោកដ៏ទន់ ៗ ចូរលោកនាំចេញនូវរោគរមាស់ដោយអវយវៈនោះ ទើបខ្ញុំមានសេចក្តីសុខស្រួលតទៅ ។
តាបសនោះ កំណត់ថា មនុស្សនេះនិយាយពិត មិនដឹងឡើយថា សីលនឹងដាច់ ឈាននឹងសាបសូន្យ ដោយមេថុនសំសគ្គៈ កាលព្រះរាជធីតានោះពោលថា ជាភេសជ្ជៈ ដូច្នេះ ព្រោះការមិនស្គាល់មេថុនធម្ម ហេតុដែលខ្លួនមិនធ្លាប់បានឃើញមាតុគ្រាមក្នុងកាល មុន ទើបសេពមេថុនធម្ម ក្នុងពេលនោះឯង សីលរបស់តាបសនោះក៏ដាច់ ឈានក៏វិនាស ។ តាបសនោះធ្វើការរួមសង្វាស ២, ៣ គ្រា ក៏នឿយហត់ ទើបចេញទៅកាន់ស្រះងូតទឹករម្ងាប់ ការនឿយហត់ហើយ ត្រឡប់មកអង្គុយក្នុងបណ្ណសាលា ដល់ថ្នាក់សូម្បីយ៉ាងនោះហើយ ក៏សម្គាល់មនុស្សនោះថា ជាតាបសទៀត កាលនឹងសួរដល់ទីនៅ ទើបពោលគាថា ថា
ឥតោ នុ ភោតោ កតមេន អស្សមោ, កច្ចិ ភវំ អភិរមសិ អរញ្ញេ;
កច្ចិ នុ តេ មូលផលំ បហូតំ, កច្ចិ ភវន្តំ ន វិហិំសន្តិ វាឡា។
អាស្រមរបស់អ្នកដ៏ចម្រើន នៅខាងណាអំពីទីនេះ ម្នាលអ្នកដ៏ចម្រើន អ្នកអភិរម្យ ក្នុងព្រៃដែរឬ អ្នកមានមើមឈើ ផ្លែឈើច្រើនដែរឬ សត្វសាហាវទាំងឡាយ មិនបៀតបៀន អ្នកដ៏ចម្រើនទេឬ ។
លំដាប់នោះ ព្រះនាងនិឡិនិកាបានត្រាស់ ៤ គាថា ថា
ឥតោ ឧជុំ ឧត្តរាយំ ទិសាយំ, ខេមា នទី ហិមវតា បភាវី;
តស្សា តីរេ អស្សមោ មយ្ហ រម្មោ, អហោ ភវំ អស្សមំ មយ្ហំ បស្សេ។
អាស្រមរបស់ខ្ញុំជាទីគួររីករាយ (នៅ) ក្បែរឆ្នេរនៃស្ទឹងឈ្មោះខេមា ដែលហូរទៅអំពី ព្រៃហិមវន្ត នាទិសខាងជើងត្រង់អំពីទីនេះ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចម្រើន គប្បីឃើញអាស្រម របស់ខ្ញុំ ។
អម្ពា ច សាលា តិលកា ច ជម្ពុយោ, ឧទ្ទាលកា បាដលិយោ ច ផុល្លា;
សមន្តតោ កិម្បុរិសាភិគីតំ, អហោ ភវំ អស្សមំ មយ្ហំ បស្សេ។
(ទៀបអាស្រមរបស់ខ្ញុំ) មានដើមស្វាយ រាំងភ្នំ ទន្លាប់ ព្រីង រាជព្រឹក្ស ច្រនៀង មានផ្ការីកស្គុះស្គាយ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចម្រើនគប្បីឃើញអាស្រមរបស់ខ្ញុំ ដែលមានកិន្នរ ច្រៀងពីរោះ ដោយជុំវិញ ។
តាលា ច មូលា ច ផលា ច មេត្ថ, វណ្ណេន គន្ធេន ឧបេតរូបំ;
តំ ភូមិភាគេហិ ឧបេតរូបំ, អហោ ភវំ អស្សមំ មយ្ហំ បស្សេ។
ក្នុងទីជិតអាស្រមរបស់ខ្ញុំនុ៎ះ មានដើមត្នោតទាំងឡាយផង មើមឈើទាំងឡាយផង ផ្លែឈើទាំងឡាយផង ធ្វើដូចម្តេចហ្ន៎ ទើបអ្នកដ៏ចម្រើនគប្បីឃើញ នូវអាស្រមរបស់ខ្ញុំ ដែល ប្រកបដោយពណ៌ និងក្លិន ដែលប្រកបដោយភូមិភាគទាំងឡាយ (ដ៏រាបស្មើ) នោះ ។
ផលា ច មូលា ច បហូតមេត្ថ, វណ្ណេន គន្ធេន រសេនុបេតា;
អាយន្តិ ច លុទ្ទកា តំ បទេសំ, មា មេ តតោ មូលផលំ អហាសុំ។
ផ្លែឈើទាំងឡាយផង មើមឈើទាំងឡាយផង មានគរគោក ក្នុងអាស្រមនេះប្រកប ដោយពណ៌ ក្លិន និង រស តែពួកព្រានព្រៃ តែងមកកាន់ប្រទេសនោះ កុំឲ្យពួកវាលួច មើមឈើ និងផ្លែឈើរបស់ខ្ញុំ អំពីអាស្រមនោះឡើយ ។
តាបសបានស្ដាប់ដូច្នោះហើយ ដើម្បីនឹងឃាត់ព្រះរាជធីតាទុក រហូតបិតារបស់ខ្លួន ត្រឡប់មក ទើបពោលគាថាថា
បិតា មមំ មូលផលេសនំ គតោ, ឥទានិ អាគច្ឆតិ សាយកាលេ;
ឧភោវ គច្ឆាមសេ អស្សមំ តំ, យាវ បិតា មូលផលតោ ឯតុ។