ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តប្រទានធម្មីកថាដល់សិក្ខាកាមយោគាវចរ បដិបត្តិវិបស្សនាវគ្គខ្លី ដើម្បីបានទិដ្ឋានុគតិធម្មទាន ក្រោយពីនិមន្ត-គង់អង្គុយចម្រើនបដិបត្តិវិបស្សនាពេញមួយថ្ងៃរួចមក នៅក្នុងមង្គលសូត្រទី២៦ ព្រះ សម្ពុទ្ធត្រាស់សម្តែងថា កាលេន ធម្មស្សវនំ កិរិយាស្តាប់នូវធម៌តាមកាល ជាមង្គលដ៏ ឧត្តម ។
វិបស្សនា ការពិចារណាឃើញច្បាស់ តាមពិតប្រាជ្ញាពិចារណាឃើញច្បាស់នូវដំណើរសង្ខារធម៌តាមពិត ។ ពាក្យវិបស្សនា ឬវិបស្សនាធុរៈ គឺជាធុរៈមួយមាននៅក្នុងព្រះពុទ្ធសាសនា សម្រាប់យកទៅគោរពប្រតិបត្តិអោយកើតបញ្ញា ។ វិបស្សនាធុរៈបើចែកទៅតាមប្រភេទមានពីរគឺ សមថកម្មដ្ឋាន ១ និង វិបស្សនាកម្មដ្ឋាន ១ ផ្នែកទាំងពីរនេះគេយកខាងសមថកម្មដ្ឋានមកប្រតិបត្តិមុន ព្រោះសមថកម្មដ្ឋាន ឬ សមាធិកម្មដ្ឋាននេះជាឧបាយសម្រាប់ធ្វើចិត្តឲ្យបានស្ងប់ សភាពមានអារម្មណ៍តែមួយ នៃចិត្តដែលជាកុសល តាំងចិត្តមាំឲ្យនៅស្មើល្អ។ ធ្វើឲ្យចិត្តមិនរវើរវាយមិនរាយមាយ ផុតចាកនីវរណធម៌ជាគ្រឿងសៅហ្មងចិត្តថ្នាក់កណ្តាល។ ពេលដែលចិត្តស្ងប់កិលេសជាចិត្តស្អាតបរិសុទ្ធិ ហើយទើបលើកវិបស្សនាកម្មដ្ឋានមកពិចារណានូវសភាវធម៌មាន រូប និងនាមឲ្យឃើញពិតតាមលក្ខណៈត្រៃលក្ខណ៍។ វិបស្សនាកម្មដ្ឋានគឺជាឧបាយសម្រាប់ធ្វើប្រាជ្ញាឲ្យត្រចះឡើង ដើម្បីលះបង់នូវកិលេសមានឧបាទាន គឺសេចក្តីប្រកាន់ក្នុងខន្ធជាដើម។ ន័យមួយទៀតវិបស្សនានេះជាហេតុជាទីតាំងនៃការងារផ្លូវចិត្តគឺការពិចារណាជ្រាបច្បាស់តាមពិតហៅថាវិបស្សនាកម្មដ្ឋាន។
ម្យ៉ាងទៀតវិបស្សនានេះមានន័យដោយឡែកៗ ៥យ៉ាង ៖
១. វិបស្សនាគឺជាតួទស្សនៈដែលឃើញច្បាស់នូវធម៌ជាផល ហើយមានញាណចេះបែងចេញជាធម៌នោះមិនឲ្យច្រឡំគ្នា។
២. វិបស្សនាគឺជាតួទស្សនៈ បានស្គាល់នូវធម៌ដែលជាហេតុហើយឆ្លងផុតការសង្ស័យក្នុងកាលទាំង ៣គឺ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
៣. គឺជាតួទស្សនៈស្គាល់ច្បាស់នូវមាគ៌ានឹងមិនមែនមាគ៌ាក្នុងកិរិយាធ្វើដំណើរទៅកាន់មគ្គខាងក្រោម
៤. គឺជាតួទស្សនៈស្គាល់ច្បាស់នូវផ្លូវប្រតិបត្តិដ៏ត្រង់ឆ្ពោះទៅកាន់មគ្គខាងលើ។
៥. គឺជាតួប្រាជ្ញាដែលជ្រាបច្បាស់ និងលុះមគ្គផលព្រមទាំងព្រះនិព្វាន។
រួមសេចក្តីមកវិបស្សនានេះ គឺជាអារម្មណ៍ដែលបុគ្គលយកមកពិចារណា បរិកម្ម ភាវនា មានអារម្មណ៍៧៣ មានខន្ធ៥ជាដើម ដើម្បីឲ្យកើតបញ្ញាតាមផ្លូវចិត្ត ឃើញច្បាស់ ដឹងច្បាស់ ឃើញច្បាស់នូវសភាវពិតទៅក្នុងសង្ខារទាំងឡាយ មានខន្ធ៥ជាដើមស្ថិតក្នុងលក្ខណៈ អនិច្ចំ ទុក្ខំ អនត្តា។ បើនិយាយឲ្យស្រួលស្តាប់មានន័យថា ការអប់រំចិត្តឲ្យកើតបញ្ញាផ្លូវធម៌ ដែលកើតពីការប្រតិបត្តិ ជាភាវនាបញ្ញា ឬវិបស្សនាបញ្ញា ។
សូមឲ្យសាសនប្បដិបត្តិ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតដល់សាធុសប្បុរស បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។ អនុមោទនា !



