ធម៌ ៥ យ៉ាងប្រព្រឹត្តទៅដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុជាសេក្ខៈ
(បិដកភាគ ៤៤ ទំព័រ ២៤១-២៤៥)
━━━━━━━✥◈✥━━━━━━━
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺ៖
១-សេចក្តីមិនត្រេកអរនឹងការងារ
២-សេចក្តីមិនត្រេកអរ នឹងតិរច្ឆានកថា
៣-សេចក្តីមិនត្រេកអរ នឹងកិរិយាដេកលក់
៤-សេចក្តីមិនត្រេកអរ នឹងការនៅច្រឡូកច្រឡំដោយពួក
៥-ពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ៖
១-ភិក្ខុក្នុងសាសនានេះ នៅជាសេក្ខៈ មិនមានកិច្ចច្រើន មិនមានការងារច្រើន ឈ្លាសវៃ ក្នុងកិច្ចដែលត្រូវធ្វើអ្វីៗ មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន ប្រកបចេតោសមថៈខាងក្នុង ។
២-ភិក្ខុជាសេក្ខៈ មិនញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការងារបន្តិចបន្តួច មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបធម៌ជាគ្រឿងស្ងប់ចិត្តខាងក្នុង ។
៣-ភិក្ខុជាសេក្ខៈ មិននៅច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត ដោយការជាប់ជំពាក់នឹងគ្រហស្ថ ដ៏មិនសមគួរ មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ។
៤-ភិក្ខុជាសេក្ខៈ មិនចូលទៅកាន់ស្រុកពីព្រឹកពេក មិនចេញមកវិញថ្ងៃពេក មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ។
៥-ភិក្ខុជាសេក្ខៈ បានតាមសេចក្តីប្រាថ្នា មិនបានលំបាក បានទំលាយ នូវវាចាជាគ្រឿងដុសខាត់កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យមានប្រាថ្នាតិច វាចានាំឲ្យសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំដោយពួក វាចានាំឲ្យប្រារព្ធព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចានាំឲ្យកើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ វាចានាំឲ្យកើតវិមុត្តិញ្ញាណទស្សនៈ មានសភាពដូច្នោះ មិនលះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ។
━━━━━━━✥◈✥━━━━━━━
សកម្មភាពព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា សិក្សាវគ្គបណ្តុះបណ្តាលវិបស្សនា ប្រចាំឆ្នាំ ជំនាន់ទី២០ រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសាលាវិបស្សនា (ព្រៃធុតង្គ) រយៈពេល ២០ ថ្ងៃ ថ្ងៃនេះគឺជាថ្ងៃគម្រប់ទី០៤ នៃកិច្ចសិក្សារៀនសូត្រ សិក្ខាកាមដែលបាននិមន្ត-អញ្ជើញមកពីតាមបណ្តាខេត្ត-រាជធានី ជាព្រះមន្ត្រីសង្ឃថ្នាក់ក្រុង-ស្រុក ព្រះចៅអធិការ គ្រូសូធ្យស្តាំ-ឆ្វេង និងតាមបណ្តាសាខាមជ្ឈមណ្ឌល-មណ្ឌលវិបស្សនាធុរៈខេត្ត-រាជធានី ព្រមទាំងពុទ្ធបរិស័ទជាគ្រហស្ថប្រមាណ ៣០០ អង្គ/នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកវិបស្សនាធុរៈ ដើម្បីពង្រឹងការផ្សព្វផ្សាយ ទ្រទ្រង់បដិបត្តិ ព្រះធម៌វិន័យទាំងគន្ធធុរៈ និងវិបស្សនាធុរៈឲ្យមានគុណតម្លៃសុខដុមនីយកម្មសាសនា និងបន្តផ្ទេរធម្មមត៌កដល់អនុជនជំនាន់ក្រោយឲ្យបានសិក្សារៀនសូត្រឲ្យកង់ចក្រទាំងពីរនេះ ដើរទន្ទឹមគ្នា ។ ការគោរពធម៌ស្មើនឹងលើកគុណតម្លៃព្រះសទ្ធម្ម ដូចព្រះពុទ្ធដីកាទ្រង់ត្រាស់សម្តែងនៅក្នុងកស្សបសំយុត្ត បិដកភាគ ៣២ ទំព័រ ១៧៩-១៨០ មានសេចក្តីជាអាទិ៍ថា៖
ម្នាលកស្សប ធម៌ទាំង៥ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម។ ធម៌ទាំង៥ប្រការ តើដូចម្តេចខ្លះ។
ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ៖
១-ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា
២-ជាអ្នកគោរព កោតក្រែង ចំពោះព្រះធម៌
៣-ជាអ្នកគោរព កោតក្រែង ចំពោះព្រះសង្ឃ
៤-ជាអ្នកគោរព កោតក្រែង ចំពោះសិក្ខា
៥-ជាអ្នកគោរព កោតក្រែង ចំពោះសមាធិ ។
ពុទ្ធបរិស័ទទាំង៤ពួក ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ជាអ្នកគោរពប្រតិបត្តិធម៌ទាំង ៥ ប្រការនេះដរាបណា ព្រះសទ្ធម្មនឹងតាំងនៅអស់កាលជាអង្វែងដរាបនោះ ។
សូមឲ្យព្រះសទ្ធម្មរបស់ព្រះសាស្តាបរមគ្រូនៃយើង បានតាំងនៅអស់កាលដ៏យូរអង្វែង និងសូមឲ្យសព្វសត្វបានទទួលសុខសន្តិភាព រស់នៅជាសុខ និងបានរស់នៅក្នុងប្រទេសដ៏សមគួរ បានសេពគប់នឹងសប្បុរស ជាបុគ្គលសម្មាទិដ្ឋិ កុំជាបុគ្គលអសប្បុរសឡើយ ។ សូមអនុមោទនា !!!
ពុទ្ធមណ្ឌល,ថ្ងៃសៅរ៍ ៦ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖